ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងគុយបា ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ ទ្វេភាគី

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីរុស្សីលោក Vladimir Putin និងនាយករដ្ឋមន្ត្រីគុយបា Manuel Marrero ដែលកំពុងបំពេញទស្សនកិច្ចនៅរុស្សី បានធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបង្កើនភាពស៊ីជម្រៅ ឲ្យកាន់តែខ្លាំងក្លាថែមទៀតរវាងគ្នា។

នៅក្នុងឱកាសនៃជំនួបគ្នាជាមួយនឹងលោក Marrero លោក Putin បានធ្វើការថ្លែងការណ៍បែបនេះថា៖ ជាក់ស្តែងយើងមិនចាំបាច់សង្កត់ធ្ងន់ លើលក្ខណៈពិសេស នៃសម្ព័ន្ធមិត្ត ដ៏យូរអង្វែងនៃទំនាក់ទំនងរបស់យើង ដែលបានកើតឡើងជាច្រើន ទសវត្សរ៍មុនមកហើយនោះទេ។

លោកបន្តទៀតថាទំនាក់ទំនង រវាងប្រទេសរុស្សីនិងគុយបាកំពុងបន្តកើនឡើង ទោះបីជាមានការប្រឈមមុខដាក់គ្នា ជាមួយនឹងប្រទេសលោកខាងលិច ហើយក៏គ្រោងនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើវិស័យជាច្រើនទៀតដែលរួមមាន ទាំងថាមពលនិងទេសចរណ៍ផងដែរ។

លោកប្រធានាធិបតីរុស្សី ក៏បានលើកឡើងអំពីស្ថានភាពរបស់ប្រទេសគុយបា ដែលកំពុងទទួលរងទណ្ឌកម្មខុសច្បាប់ អស់រយៈពេលច្រើនទសវត្សមកហើយ ប៉ុន្តែពលរដ្ឋគុយបានៅតែអាចស៊ូទ្រាំ ជាមួយនឹងស្ថានភាពដ៏លំបាកនេះ ហើយរុស្សីនឹងប្តេជ្ញាចិត្តក្នុងការធានាឲ្យ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់យើង យកឈ្នះលើទុក្ខលំបាកទាំងនោះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top