ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងបំពេញទស្សនកិច្ចទៅចិន ចុងសប្តាហ៍នេះ សង្ឃឹមបង្កើនទំនាក់ទំនងឡើងវិញ

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នឹងត្រូវធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិននៅថ្ងៃសុក្រនេះ ហើយបន្ទាប់ពីបានពន្យាពេលនៃ បេសកកម្មនេះតាំងតែពីកុម្ភៈកន្លងមក។

យោងតាមការចេញផ្សាយរបស់ VOA News បានឲ្យដឹងថាកន្លងមកលោករដ្ឋមន្ត្រី បានរៀបចំផែនការមកបំពេញទស្សនកិច្ច នៅចិនម្តងហើយកាលពីខែកុម្ភៈ តែត្រូវបានផ្អាកទៅវិញដោយសារ ព្រឹត្តិការណ៍បាញ់ទំលាក់បាឡុងស៊ើបករណ៍ ដែលអាមេរិកចោទប្រកាន់ថា ជាកម្មសិទ្ធរបស់រដ្ឋាភិបាលប៉េកាំង ហើយទស្សនកិច្ចលើកនេះធ្វើឡើង នៅចំពេលដែលទំនាក់ទំនងរវាង ប្រទេសមហាយក្សទាំងពីរ បានធ្លាក់ដល់កម្រិតទាបបំផុតមួយ។

ក្រសួងការបរទេសអាមេរិក បានប្រកាសថា៖ នៅក្នុងទីក្រុងប៉េកាំងលោករដ្ឋមន្ត្រី Blinken នឹងត្រូវជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់ ជាច្រើនរូបរបស់ប្រទេសចិន ហើយនឹងពិភាក្សាទៅលើកិច្ចការងារសំខាន់ៗ មួយចំនួនដល់ជាការថែរក្សាទំនាក់ទំនង គ្រប់កម្រិតរវាងគ្នា។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីថ្ងៃពុធថា រដ្ឋាភិបាលប៉េកាំង សង្ឃឹមថា សហរដ្ឋអាមេរិកនឹងចាត់វិធានការជាក់ស្តែង ដើម្បី ធ្វើការជាមួយប្រទេសចិន ដើម្បីគ្រប់គ្រងភាពខុសប្លែកគ្នា ប្រកបដោយប្រសិទ្ធភាព ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនិង ស្ថិរភាពទំនាក់ទំនងពីការធ្លាក់ដុនដាបបន្ថែមទៀត៕

ប្រែសម្រួល៖ ស៊ុន លី

To Top