បរទេស ៖ មេក្លោងម្នាក់ ដែលរៀបចំការវាយប្រហារ សម្លាប់មនុស្សលើការិយាល័យគណៈកម្មាធិការ ប្រជាជនឃុំចំនួនពីរ ក្នុងខេត្ត ដាក់ឡាក់ ប្រទេសវៀតណាម គឺត្រូវបានចាប់ខ្លួន ។
យោងតាមសារព័ត៌មាន វៀតណាម VN Express ចេញផ្សាយ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែក តាមការផ្សាយ របស់ទូរទស្សន៍វៀតណាមថា ជនសង្ស័យឈ្មោះ អ៊ី ថូ យ៉ុន ( Y Tho Ayun ) អាយុ ៣៥ ឆ្នាំ ដែលគេស្គាល់ថា អាម៉ា ស្រួរ បានប្រាប់អាជ្ញាធរថា គាត់បានញុះញង់អ្នកភូមិនៅ ដាក់ឡាក់ ឱ្យធ្វើការវាយប្រហារដោយកាំភ្លើង ទៅលើការិយាល័យគណៈកម្មាធិការ ប្រជាជនក្នុងឃុំ អេខ្ទ័រ និង ឃុំ អេទ័រ ដែលមានទីស្នាក់ការ ប៉ុស្តិ៍ប៉ូលីសក្នុងតំបន់ផងដែរ ។
ជនសង្ស័យបាននិយាយថា គាត់បានរាយបញ្ជីតែមនុស្សដែលខ្លួនទុកចិត្តប៉ុណ្ណោះ។
មនុស្ស ៤៧ នាក់ដែលជាប់ពាក់ព័ន្ធក្នុងការ វាយប្រហារកាលពីថ្ងៃអាទិត្យ ដែលបានបណ្តាលឱ្យមនុស្ស ៩នាក់បានស្លាប់ ត្រូវបានចាប់ខ្លួនក្នុងរយៈពេល៧ថ្ងៃ កន្លងមកនេះ។ មន្រ្តីក្រសួងសន្តិសុខសាធារណៈ វៀតណាម បានបាននិយាយថា កម្លាំងកំពុងតាមប្រមាញ់អ្នកពាក់ព័ន្ធផ្សេងទៀត។ ពួកគេត្រូវបានលើកទឹកចិត្តឲ្យចូលខ្លួនសារភាព ។
សូមជម្រាបថា កាលពីព្រឹកថ្ងៃអាទិត្យ ក្រុមជនមិនស្គាល់ អត្តសញ្ញាណមួយ ក្រុមប្រដាប់ដោយកាំភ្លើង បានវាយប្រហារ ការិយាល័យគណៈកម្មាធិការ ប្រជាជនឃុំ អេទ័រ និងឃុំ អេខ្ទ័រ នៅស្រុក កូគុន ខេត្តដាក់ឡាក់ ដែលនៅជាប់នឹងខេត្ត មណ្ឌលគិរី របស់ព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងការវាយប្រហារដោយកាំភ្លើងនោះដែរ មន្ត្រីប៉ូលិស៤នាក់ មេឃុំ២នាក់ និងជនស៊ីវិល៣នាក់ត្រូវបានសម្លាប់។ មន្ត្រីពីរនាក់ផ្សេងទៀតក៏រងរបួសដែរ។ គេមិនទាន់ប្រាកដថា អ្នកវាយប្រហារណាម្នាក់រងរបួស ឬស្លាប់នោះទេ៕