តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ខ្លួនគ្រោងនឹងអនុវត្តច្បាប់ថ្មីដែលគ្រប់គ្រង ហាងលក់កម្មវិធីស្មាតហ្វូន ដែលធ្វើបែបនេះ គឺដើម្បីលើកកម្ពស់ ការចូលប្រើប្រាស់នៅលើទីផ្សារកាន់ តែងាយស្រួលថែមទៀត សម្រាប់អ្នកអភិវឌ្ឍន៍ភាគីទី៣ និងជំរុញឲ្យមានការប្រកួតប្រជែង ជាមួយនឹងក្រុមហ៊ុន Apple Inc. និង Google LLC ។
មន្ត្រីរដ្ឋាភិបាលជប៉ុន បានលើកឡើងថា ច្បាប់ដែលបានគ្រោងទុកនឹងធ្វើឱ្យច្បាប់នេះជាកាតព្វកិច្ចសម្រាប់ អ្នកផ្តល់ប្រព័ន្ធ ប្រតិបត្តិការស្មាតហ្វូន ដែលលេចធ្លោដើម្បីអនុញ្ញាតឱ្យ ស្ថិតនៅក្នុងហាងលក់កម្មវិធីភាគីទី៣ ប្រសិនបើពួកគេត្រូវបាន គេចាត់ទុកថា មានសុវត្ថិភាពនោះ ។
បន្ទាប់ពីបានឮអំពីផែនការរបស់រដ្ឋាភិបាលដែលគ្រោងធ្វើដូច្នេះ ការិយាល័យក្រុមហ៊ុន Apple នៅក្នុងប្រទេសជប៉ុន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួន “ជំទាស់” ចំពោះសំណើជាច្រើន ដោយកត់សម្គាល់ថា ពួកគេធ្វើបែបនេះបង្កជា “ហានិភ័យ” ដល់សមត្ថភាពរបស់ក្រុមហ៊ុន នៅក្នុងការគាំទ្រអ្នកបង្កើតកម្មវិធី និងការពារឯកជនភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ។ ក្រុមហ៊ុនបានឲ្យដឹងថា ខ្លួននឹងបន្តពិភាក្សាជាមួយរដ្ឋាភិបាលជុំវិញបញ្ហានេះទៀត ។
គេបានដឹងថា ការពង្រឹងបទប្បញ្ញត្តិក៏បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Google បានជំរុញឱ្យរដ្ឋាភិបាល ចាត់វិធានការដោយប្រុងប្រយ័ត្ន ចំពោះផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងកុំបង្អាក់ការលើកទឹកចិត្ត របស់អ្នកអភិវឌ្ឍន៍ ក្នុងការច្នៃប្រឌិត អ្វីដែលល្អ ។
ការិយាល័យក្រុមហ៊ុន Google នៅក្នុងប្រទេសជប៉ុន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងនឹងធ្វើឱ្យការពិភាក្សាក្នុងន័យស្ថាបនាកាន់តែស៊ីជម្រៅជាមួយភាគីពាក់ព័ន្ធនៅក្នុងវិស័យឧស្សាហកម្មនេះ ជាមួយនឹងរដ្ឋាភិបាល” ៕
ដោយ៖ ម៉ៅ បុប្ផាមករា