បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃសុក្រម្សិលមិញនេះ បានទទួលជំនួបជាមួយ នឹងបណ្តាក្រុមមេដឹកនាំអាហ្វ្រិកទាំង ៧រូប នៅក្នុងបេសសកម្មមួយដែលហៅថា ជាកិច្ចខិតខំដើម្បីស្វែងរកសន្តិភាព ជូនប្រទេសអ៊ុយក្រែន។
ប្រភពដដែលបានឲ្យដឹងទៀតដែរថា មេដឹកនាំទាំង៧រូប របស់ប្រទេសអាហ្វ្រិក ដែលរួមមានទាំងប្រទេស Comoros, South Africa, Senegal, Zambia, Egypt, Congo និង Uganda នឹងត្រូវធ្វើដំណើរទៅដល់ប្រទេសអ៊ុយក្រែនផង និងរុស្សីដើម្បីបំពេញការងារលើកនេះ ។
នៅក្នុងអំឡុងពេលនៃជំនួបគ្នាលើកនេះប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បានបង្ហាញនូវផែនការសន្តិភាពរបស់អ៊ុយក្រែន ទៅកាន់មេដឹកនាំទាំង៧រូប ហើយកត់សំគាល់ថា ពួកគេនឹងអាចជួយដល់ការស្តារឡើងវិញ នូវសន្តិសុខជូនប្រទេសអ៊ុយក្រែន និងរដ្ឋដទៃទៀតដែលកំពុងរងផលប៉ះពាល់ ដោយសារជម្លោះនៅអ៊ុយក្រែនលើកនេះ ។
នៅក្នុងអំឡុងពេលនៃជំនួបនេះផងដែរ ភាគីទាំងអស់ក៏បានពិភាក្សាគ្នា ទៅលើបញ្ហាផ្សេងតៀតដូចជា បញ្ហាសន្តិសុខស្បៀងអាហារពិភពលោក ព្រមទាំងបញ្ញាដឹកជញ្ជូនគ្រាប់ធញ្ញជាតិ នៅតាមច្រកសមុទ្រខ្មៅព្រមទាំង បញ្ហាមនុស្សធម៍នៅអ៊ុយក្រែនផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី
