ព័ត៌មានអន្តរជាតិ

ភាពតានតឹងកើនឡើងខ្លាំង ខណៈនាវាចិន កំពុងធ្វើដំណើរចូលទៅតំបន់ប្រតិបត្តិការប្រេង និងឧស្ម័នរបស់វៀតណាម

បរទេស៖ ប្រទេសចិន កំពុងបញ្ជូនកប៉ាល់បន្ថែមទៀតទៅកាន់តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់វៀតណាម ហើយភាពញឹកញាប់ និងរយៈពេលនៃការធ្វើដំណើរទាំងនោះ ដែលបានកើនឡើងតាំងពីដើមខែឧសភា គឹកំពុងបង្កើនភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា បន្ទាប់ពីការលុកលុយជិតមួយខែ នៃកប៉ាល់ស្រាវជ្រាវក្រោមទឹក និងក្រុមនាវាដ៏ធំរបស់ខ្លួនមក នាវាចិនជាច្រើនទៀតកំពុងធ្វើដំណើរឆ្លងកាត់ទីតាំងរសើបនៅក្នុងដែនទឹកវៀតណាម។

EEZ របស់វៀតណាមលាតសន្ធឹងចម្ងាយ ២០០ ម៉ាយពីឆ្នេរសមុទ្ររបស់ប្រទេស។

អ្នកជំនាញបាននិយាយថា វត្តមានរបស់នាវាស្រាវជ្រាវចិន ឆ្មាំឆ្នេរសមុទ្រ និងកប៉ាល់ស៊ីវិលនៅក្នុងដែនទឹកទាំងនេះ គឺបានបន្ថែមពីលើការរំខានដល់ប្រតិបត្តិការប្រេង និងឧស្ម័នរបស់វៀតណាម បង្ហាញពីការជំរុញរបស់ទីក្រុងប៉េកាំង ចំពោះការទាមទារប្រកួតប្រជែងនៅក្នុងដែនទឹកដែលសម្បូរទៅដោយធនធាន។

រដ្ឋាភិបាលទីក្រុងហាណូយបានច្រានចោល “ខ្សែបន្ទាត់” របស់ទីក្រុងប៉េកាំង ដែលជាការបោះបង្គោលផែនទីដែលប្រទេសចិន ប្រើដើម្បីទាមទារដែនសមត្ថកិច្ចសរុបជុំវិញសមុទ្រចិនខាងត្បូង ហើយទស្សនៈនោះទំនងជាមិនកំណត់ចំពោះមន្ត្រីរដ្ឋាភិបាលនោះទេ។

យុវជនអាយុ២៦ ឆ្នាំរស់នៅក្នុងទីក្រុងហូជីមិញបានប្រាប់ VOA ដោយសុំមិនបញ្ចេញឈ្មោះថា “ចិន គិតថាពួកគេខ្លាំងជាង និង ល្អជាង ដូច្នេះពួកគេមានសិទ្ធិរំលោភបំពានគ្រប់ទីកន្លែងដែលពួកគេចង់បាននៅសមុទ្រខាងកើត ទោះបីជាពួកគេដឹងថា វាខុសច្បាប់ក៏ដោយ”៕ ប្រែសម្រួលៈ ណៃ តុលា

To Top