បរទេស៖ រដ្ឋាភិបាលរបស់ប្រទេសអ៊ីតាលី បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានចាត់វិធានការ ដើម្បីកំណត់ឥទ្ធិពលរបស់វិនិយោគិនចិន Sinochem លើក្រុមហ៊ុនផលិតសំបកកង់រថយន្ត Pirelli រួមទាំងភាគច្រើន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការសម្រេចចិត្តជាយុទ្ធសាស្រ្ត ដែលធ្វើឡើងដោយក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការសម្រេចចិត្តរបស់ទីក្រុងរ៉ូម (អ៊ីតាលី) កើតឡើងបន្ទាប់ពីក្រុមហ៊ុន Sinochem ដែលជាម្ចាស់ភាគហ៊ុនធំជាងគេ របស់ក្រុមហ៊ុនផលិតសំបកកង់រថយន្ត Pirelli ដែលមានភាគហ៊ុន ៣៧ភាគរយ បានជូនដំណឹងដល់រដ្ឋាភិបាលអ៊ីតាលី កាលពីខែមីនាអំពីផែនការ ដើម្បីធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន ដែលមានស្រាប់ជាមួយ Camfin ដែលជាក្រុមហ៊ុនកាន់កាប់ របស់នាយកប្រតិបត្តិ Pirelli Marco Tronchetti Provera ។
រដ្ឋបាលរបស់នាយករដ្ឋមន្ត្រី Giorgia Meloni បានពិនិត្យលើកិច្ចព្រមព្រៀងក្រោមច្បាប់ “Golden Power” ក្នុងគោលបំណងការពារទ្រព្យសម្បត្តិ ដែលចាត់ទុកថា ជាយុទ្ធសាស្ត្រសម្រាប់ប្រទេសនេះ នៅពេលដែលទំនាក់ទំនងរវាងប្រទេសចិន និងបណ្តាប្រទេសលោកខាងលិច បានឈានចូលដំណាក់កាលតានតឹង។
ក្រុមហ៊ុន Sinochem ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋរបស់ចិន មិនអាចសុំការអត្ថាធិប្បាយភ្លាមៗបានទេ ខណៈដែល Pirelli បដិសេធមិនធ្វើអត្ថាធិប្បាយ៕ ប្រែសម្រួលៈ ណៃ តុលា