ប៉េកាំង៖ មន្ត្រីគណបក្សហ្ស៊ីមបាវេបានឲ្យដឹងថា “អន្ទាក់បំណុល” របស់ចិន គឺជារឿងមិនសមហេតុសមផលមួយ ដែលត្រូវបានប្រឌិតឡើងដោយបណ្តាប្រទេសលោកខាងលិច ខណៈដែលគ្មានប្រទេសអាហ្រ្វិកណាមួយស្ថិតនៅក្រោមបន្ទុកនៃបំណុលរបស់ចិននោះទេ។
លោក Christopher Mutsvangwa លេខាធិការផ្នែកព័ត៌មាន និងផ្សព្វផ្សាយសម្រាប់គណបក្សកាន់អំណាច Zimbabwe African National Union Patriotic Front (ZANU PF) បានប្រាប់កាសែតស៊ិនហួនៅក្រៅវេទិកា ស្តីពីអភិបាលកិច្ចសិទ្ធិមនុស្សសកលបានធ្វើឡើងក្នុងទីក្រុងប៉េកាំងថា “បណ្តាប្រទេសលោកខាងលិច គឺជាអ្នកដែលធ្វើឱ្យទ្វីបអាហ្រ្វិកក្លាយជា “អន្ទាក់បំណុល” ។
លោក Mutsvangwa ដែលជាអតីតឯកអគ្គរដ្ឋទូតរបស់ប្រទេសអាហ្វ្រិកប្រចាំនៅប្រទេសចិនបានឲ្យដឹងថា ជំនួសឱ្យការបង្កឱ្យមាន “អន្ទាក់បំណុល” ប្រទេសចិន កំពុងផ្តល់ជំនួយក្នុងការដោះស្រាយបញ្ហាបំណុលរបស់អាហ្វ្រិក។
លោកបានលើកឡើងថា “ពីមុនប្រទេសចិន សម្រាប់ទ្វីបអាហ្រ្វិក ប្រសិនបើអ្នកចង់បានដើមទុន អ្នកទៅប៉ារីស វាថ្លៃ។ អ្នកព្យាយាមទៅញូវយ៉ក វាកាន់តែថ្លៃ។ អ្នកព្យាយាមទៅទីក្រុងឡុងដ៍ វាឆ្លងកាត់កាន់តែលំបាក” ។
លោកបានបន្ថែមថា តម្លៃកម្ចីពីប្រទេសចិនមានកម្រិតទាប ហើយដើមទុនពីប្រទេសចិនកំពុងធ្វើទំនើបកម្មដល់ទ្វីបអាហ្វ្រិក។ លោក Mutsvangwa បានបន្ដថា “យើងចង់បានដើមទុនបន្ថែមពីប្រទេសចិន ដោយសារតែដើមទុនពីប្រទេសចិន កំពុងធ្វើឱ្យទ្វីបអាហ្រ្វិកទាន់សម័យ។
យោងតាមការស្រាវជ្រាវរបស់ China-Africa Research Initiative នៅសាកលវិទ្យាល័យ Johns Hopkins ក្នុងខែមេសា ប្រទេសចិន បានរួមចំណែក ៦៣ភាគរយនៃការព្យួរសេវាបំណុលនៅក្រោម Debt Service Suspension Initiative (DSSI) ។
ការស្រាវជ្រាវបានរកឃើញថាប្រទេសចិន បានសកម្មក្នុងការទំនាក់ទំនងជាមួយភាគី ដែលចូលរួមផ្សេងទៀត ហើយបានបំពេញភារកិច្ចរបស់ខ្លួនក្នុងការអនុវត្ត DSSI ប្រកបដោយប្រសិទ្ធភាព។
លោកបន្ថែមថា “អ្នកដែលចោទប្រកាន់ចិនថា “អន្ទាក់បំណុល” គឺច្រណែន។ ពួកគេនឹងមិនជោគជ័យនោះទេ។ ពួកគេនឹងមិនបញ្ឈប់ការអភិវឌ្ឍន៍រួមគ្នា និងការខិតខំប្រឹងប្រែងរវាងទ្វីបអាហ្វ្រិក និងចិននោះទេ។
ថ្លែងមតិយ៉ាងខ្លាំងអំពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ លោក Mutsvangwa បានលើកឡើងថា ខ្លួនកំពុងផ្តល់ឱកាសដល់ប្រទេសអាហ្រ្វិកអភិវឌ្ឍន៍ និងនាំប្រទេសអាហ្រ្វិកកាន់តែច្រើនទៅកាន់ឆាកពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា