ព័ត៌មានអន្តរជាតិ

ការបញ្ជូនអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ទៅបេឡារុស្ស ទំនងជានឹងបង្កើនភាពតានតឹងជាមួយលោកខាងលិច ចំពេលមានសង្រ្គាមនៅអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា រុស្ស៊ីបានបញ្ជូនអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រដំបូង ទៅកាន់ប្រទេសជិតខាង ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន គឺបេឡារុស ក្នុងសកម្មភាពដែលទំនងជានឹងបង្កើនភាពតានតឹង បន្ថែមទៀត ជាមួយលោកខាងលិច ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ។

វាជាលើកទីមួយហើយ សម្រាប់រុស្ស៊ីដែលដាក់ពង្រាយ អាវុធនុយក្លេអ៊ែរ នៅខាងក្រៅព្រំដែនរបស់ខ្លួន ចាប់តាំងពីពួកគេត្រូវបានដកចេញ ពីសាធារណរដ្ឋនៃអតីតសហភាពសូវៀត បន្ទាប់ពីការដួល រលំនៅឆ្នាំ ១៩៩១។

នៅក្នុងការកត់សម្គាល់នៅឯវេទិកាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុង St. Petersburg លោក ពូទីន បានលើកឡើងថា “ក្បាលគ្រាប់នុយក្លេអ៊ែរ ត្រូវបានបញ្ជូនទៅកាន់ទឹកដីបេឡារុស្ស” ហើយថា “នេះ គឺជាការបាច់ទីមួយ” ។

លោកបានបន្ថែមថា “យើងនឹងបញ្ចប់ការងារនេះនៅចុងឆ្នាំនេះ” ខណៈកត់សម្គាល់ថា ការសម្រេចចិត្តបញ្ជូនអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលត្រូវបានរចនាឡើង សម្រាប់ការវាយប្រហារមានកំណត់នៅលើសមរភូមិ គឺជាវិធានការទប់ស្កាត់។

បេឡារុស្ស មានព្រំប្រទល់ជាប់ នឹងប្រទេសណាតូ រួមទាំងប៉ូឡូញ ហើយបានជួយរុស្ស៊ីក្នុងការឈ្លានពានយោធារបស់ខ្លួន ខណៈដែលមិនចូលរួមក្នុងការឈ្លានពាន ដោយផ្ទាល់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ដោយអះអាងថា រុស្ស៊ីកំពុងមានជ័យជំនះក្នុងសង្គ្រាមប្រឆាំងនឹង អ៊ុយក្រែន លោក ពូទីន បានឲ្យដឹងតាមរយៈអ្នកបកប្រែ បានសង្កត់ធ្ងន់ថា ខណៈដែលការប្រើប្រាស់អាវុធ នុយក្លេអ៊ែរគឺ “អាចធ្វើទៅបានតាមទ្រឹស្តី” វាគ្រាន់តែជាការចាំបាច់ប្រសិនបើ “មានការគំរាមកំហែង ដល់ភាពជារដ្ឋរបស់រុស្ស៊ី” ។

ប្រធានាធិបតីរុស្ស៊ីក៏បានរិះគន់សហរដ្ឋអាមេរិកថា ជាប្រទេសតែមួយគត់ ដែលបានប្រើអាវុធនុយក្លេអ៊ែរ វាយប្រហាររដ្ឋ ដែលមិនមាននុយក្លេអ៊ែរ ដោយប៉ះនឹងការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីរបស់ជប៉ុន ក្នុងថ្ងៃបិទបញ្ចប់នៃសង្គ្រាមលោកលើកទី២។

នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានលើកឡើងថា សហរដ្ឋអាមេរិក នឹង “បន្តតាមដានស្ថានការណ៍ យ៉ាងដិតដល់” ប៉ុន្តែបានបន្ថែមថា មិនមានការចង្អុលបង្ហាញថា រុស្ស៊ីកំពុងរៀបចំប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top