ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ការប្តេជ្ញាចិត្តរបស់ប្រទេសចិន ចំពោះផ្លូវអភិវឌ្ឍន៍ដែលមានគុណភាពខ្ពស់ ដែលផ្តល់អាទិភាពដល់ការអភិរក្សអេកូឡូស៊ី និងលក្ខណៈនៃរបៀបបៃតង និងកាបូនទាប នឹងផ្តល់ឱកាសកាន់តែច្រើន សម្រាប់ពិភពលោក និងរួមចំណែកកាន់តែច្រើន ដល់វឌ្ឍនភាពរបស់មនុស្សជាតិ។
លោក ស៊ី បានធ្វើការកត់សម្គាល់ ក្នុងការឆ្លើយតបទៅនឹង លិខិតរបស់លោក Eric Domb ប្រធាន និងជាស្ថាបនិកសួនសត្វ Pairi Daiza ក្នុងប្រទេសបែលហ្សិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
លោកបានបន្តថាបច្ចុប្បន្ននេះ ប្រទេសចិនកំពុងជំរុញទំនើបកម្មចិន យ៉ាងសកម្មដែលបង្ហាញពី ការរួមរស់ដោយសុខដុមរមនា រវាងមនុស្ស និងធម្មជាតិ និងការអនុវត្តគម្រោងអភិរក្ស ជីវចម្រុះសំខាន់ៗ។
លោកបានបន្ថែមថា ប្រភេទសត្វជិតផុតពូជមួយចំនួនធំ កំពុងស្ថិតក្រោមការការពារប្រកបដោយប្រសិទ្ធភាពជាមួយនឹងខ្លាឃ្មុំផេនដាធំ ដោយហេតុនេះ ត្រូវបានបន្ទាបចំណាត់ថ្នាក់ ពីប្រភេទ ជិតផុតពូជ ទៅជាសត្វដែលងាយរងគ្រោះ។
នៅក្នុងសំបុត្រមួយច្បាប់ដែល Domb បានសរសេរទៅកាន់លោក ស៊ី នាពេលថ្មីៗនេះ លោកបានរំលឹកថា លោក ស៊ី និងភរិយារបស់លោក Peng Liyuan បានចូលរួមក្នុងពិធីបើកសាលធំខ្លាឃ្មុំផេនដានៅសួនសត្វ Pairi Daiza អំឡុងពេលអ្នកទាំងពីរទៅលេងប្រទេសបែលហ្ស៊ិកក្នុងខែមីនា ឆ្នាំ២០១៤។
លោក Domb បានលើកឡើងថា សួនសត្វចិនបង្ហាញពីគំនិត នៃការរួមរស់ជាមួយគ្នា ប្រកបដោយសុខដុមរមនារវាងមនុស្ស និងធម្មជាតិ ហើយក្តីស្រមៃរបស់ចិន ក៏ដូចជាការអភិវឌ្ឍន៍ និងវិបុលភាពរបស់ប្រទេសចិន នឹងតែងតែជាឱកាសដែលអាចចែករំលែក បានដោយមនុស្សជុំវិញពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា