ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា គម្រោងជីវសាស្រ្តយោធា របស់ទីក្រុងវ៉ាស៊ីនតោន នៅជុំវិញពិភពលោកផ្តល់ ឲ្យសហរដ្ឋអាមេរិកនូវលទ្ធភាព ទទួលបានភ្នាក់ងារអាវុធជីវសាស្រ្ត ដែលមានសក្តានុពល។
ក្រសួងការពារជាតិបានសិក្សា ពីសកម្មភាពរបស់វិទ្យាស្ថានស្រាវជ្រាវកងទ័ព Walter Reed ជាពិសេសតួនាទីរបស់វានៅក្នុង គម្រោងជីវសាស្ត្រយោធាចំនួនពីរគឺ U-Pi-1 និង U-Pi-2 នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
វិទ្យាស្ថាននេះមានសាខាបរទេស ដែលបំពាក់ដោយមន្ទីរពិសោធន៍ឯកោកម្រិតខ្ពស់ និងបណ្តាញផ្នែកធំជុំវិញពិភពលោក ដែលត្រូវបានប្រើ សម្រាប់ការយកគំរូ និងដឹកជញ្ជូនមេរោគ។
លោក Igor Kirillov ប្រធានកងកម្លាំងការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្តនៃ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានលើកឡើងថា ជាមួយនឹងវត្តមានរបស់ខ្លួន នៅទូទាំងពិភពលោក យោធាអាមេរិក អាចទទួលបាន “ការឆ្លងរាលដាលនៃមេរោគឆ្លងសំខាន់ៗ ដែលជាភ្នាក់ងារសក្តានុពល នៃអាវុធជីវសាស្រ្ត” ៕
ប្រែសម្រួល ឈូក បូរ៉ា