ព័ត៌មានអន្តរជាតិ

ទិន្នន័យ ៖ ចិន​នាំ​ចូល​ប្រេង​ រុស្ស៊ី​ខ្ពស់​បំផុត​ ចាប់​តាំង​ពី​ការ ​ឈ្លានពាន​អ៊ុយក្រែន

បរទេស ៖ ទិន្នន័យគយ របស់ទីក្រុងប៉េកាំង បានបង្ហាញ នៅថ្ងៃអង្គារថា ការនាំចូលប្រេងរបស់ចិន ពីរុស្ស៊ីកាលពីខែមុន បានឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីការឈ្លានពាន របស់ទីក្រុងម៉ូស្គូក្នុងខែកុម្ភៈ ឆ្នាំ ២០២២ មកលើអ៊ុយក្រែន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ទិន្នន័យគយលម្អិត បានបង្ហាញថា ប្រទេសចិន បាននាំចូលប្រេងចំនួន ៩,៧១ លានតោន ពីប្រទេសរុស្ស៊ីក្នុងខែឧសភា កើនឡើងពី ៥,៤ លានតោនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ និង ៦,៣ លាននៅខែបន្ទាប់។

តួរលេខបង្ហាញថា ការនាំចូលប្រេងឆៅពីរុស្សីដោយចិន ចាប់តាំងពីទីក្រុងមូស្គូលុកលុយអ៊ុយក្រែន បានកើនឡើងជិតទ្វេដង។

តួលេខនេះ គឺស្របនឹងតួលេខពាណិជ្ជកម្ម ដែលបានចេញផ្សាយ ក្នុងខែនេះ ដែលបង្ហាញថា ពាណិជ្ជកម្មរបស់ចិន ជាមួយរុស្ស៊ី បានកើនឡើងដល់កម្រិត ដែលមិនបានឃើញចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២។

ទិន្នន័យពីទីក្រុងប៉េកាំង បានបង្ហាញថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាលពីខែមុនមានតម្លៃ ២០,៥ ពាន់លានដុល្លារ ជាមួយនឹងការនាំចូល របស់ចិនពីប្រទេសរុស្ស៊ីមានតម្លៃ ១១,៣ ពាន់លានដុល្លារ។

ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រុស្ស៊ី ដោយពាណិជ្ជកម្មរវាងពួកគេឈាន ដល់កំណត់ត្រា ១៩០ ពាន់លានដុល្លារកាលពីឆ្នាំមុន , នេះបើយោងតាមទិន្នន័យគយចិន។

ក្នុងអំឡុងកិច្ចប្រជុំកំពូលកាលពីខែមីនា ប្រធានាធិបតីចិន Xi Jinping និងមេដឹកនាំរុស្ស៊ីលោក Vladimir Putin បានសន្យាជំរុញពាណិជ្ជកម្មឱ្យដល់ ២០០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ខណៈដែលរុស្ស៊ី និង ចិន បានសាទរភាពជាដៃគូ “គ្មានដែនកំណត់” របស់ពួកគេ ។ ការចែកចាយថាមពល របស់រុស្ស៊ីទៅកាន់ប្រទេសចិន ត្រូវបានកំណត់ថា នឹងកើនឡើង ៤០% នៅក្នុងឆ្នាំនេះ ។

ទីក្រុងប៉េកាំងនិយាយថា ខ្លួនជាភាគីអព្យាក្រឹត ក្នុងសង្គ្រាមអ៊ុយក្រែន ប៉ុន្តែត្រូវបានប្រទេសលោកខាងលិច រិះគន់ចំពោះការបដិសេធ មិនថ្កោលទោស ទីក្រុងម៉ូស្គូ និងសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ ជិតស្និទ្ធជាមួយរុស្ស៊ី៕

To Top