បរទេស៖ ប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គួរតែធានាឲ្យបាននូវការបន្តអនុវត្តកិច្ចព្រមព្រៀង នាំចេញគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ ដែលមានន័យថា ផលិតផលកសិកម្មទាំងឡាយផ្សេងទៀត របស់អ៊ុយក្រែននឹងអាចដឹកជញ្ជូន បានរលូនតាមផែសមុទ្រ នៅក្នុងសមុទ្រខ្មៅទាំងអស់។
នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Guterres និងត្រូវបានយកមកចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានអំពាវនាវដែរថា គ្រប់ភាគីគួរតែពន្លឿនប្រតិបត្តិការ និងការកាត់បន្ថយការរារាំង ចំពោះនាវាដឹកទំនិញចេញពីផែសមុទ្រ របស់អ៊ុយក្រែនដែលជាផលិតផល ផ្គត់ផ្គង់ដ៏សំខាន់សម្រាប់វិស័យស្បៀងអាហារ របស់ទីផ្សារសកលលោក។
យោងតាមការរបាយការណ៍ សិក្សាស្រាវជ្រាវបានឲ្យដឹងថា ការនាំចេញរបស់អាហារតាម ច្រកសមុទ្រខ្មៅបានធ្លាក់ចុះខ្លាំងពី ៤,២លានតោន កាលពីខែតុលា ឆ្នាំ២០២២ មកត្រឹមតែ១,៣លានតោនត្រឹមខែឧសភាកន្លងមកនេះ ប៉ុណ្ណោះគឺជាអត្រាធ្លាក់ចុះទាបបំផុត គិតចាប់តាំងតែពីកិច្ចព្រមព្រៀងលើ ផលិតផលគ្រាប់ធញ្ញជាតិត្រូវបានអនុវត្ត។
គួរឲ្យដឹងដែរថា គំនិតផ្តួចផ្តើមលើកិច្ចព្រមព្រៀង នៃការនាំចេញផលិតផលគ្រាប់ធញ្ញជាតិ តាមច្រកសមុទ្រខ្មៅត្រូវបានចុះហត្ថលេខា ដោយប្រទេសរុស្សីនិងប្រទេសអ៊ុយក្រែន នៅក្នុងទីក្រុងអ៊ីស្តង់ប៊ូលជាមួយ នឹងប្រទេសតួគីនិងក៏ដូចជាភាគីតំណាង របស់អង្គការសហប្រជាជាតិ កាលពីខែកក្កដា ឆ្នាំ២០២២កន្លងមកផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី