ព័ត៌មានអន្តរជាតិ

អង់គ្លេស និងសហរដ្ឋអាមេរិក ប្តេជ្ញាផ្តល់មូលនិធី សម្រាប់កសាងប្រទេស អ៊ុយក្រែនឡើងវិញ

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ VOA News កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ប្រទេស អង់គ្លេស និងសហរដ្ឋអាមេរិក បានធ្វើការប្តេជ្ញាចិត្តរួមគ្នា ហើយថានឹងធ្វើការគាំទ្រ ទៅដល់ប្រទេសអ៊ុយក្រែន ក្នុងការកសាងប្រទេស អ៊ុយក្រែនឡើងវិញ ក្រោយរយៈពេល នៃការបំផ្លិចបំផ្លាញ ដោយសារប្រតិបត្តិការយោធា របស់រុស្សីអស់រយៈពេល១៦ខែ ដែលកំពុងតែនៅបន្ត នៅឡើយនេះ។

រដ្ឋមន្ត្រីការបរទេស នៃប្រទេស អង់គ្លេស James Cleverly បានថ្លែងចេញពីទីក្រុងឡុងថា ការកសាងប្រទេស អ៊ុយក្រែនឡើងវិញ គឺជារឿងចាំបាច់និងមានទំហំធំធេងបំផុត ។ តាមរយៈការវាស់វែងរបស់យើង នៅពេលបច្ចុប្បន្ននេះអង់គ្លេស នឹងពង្រឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាបង្ខំឲ្យរុស្សី ក្នុងការទូទាត់ប្រាក់ ចំពោះសំណង នៃការខូចខាតទាំងអស់នោះ។

ក្នុងពេលជាមួយគ្នានេះ លោករដ្ឋមន្ត្រីការបរទេស អាមេរិក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តធ្វើការគាំទ្រ ទៅលើប្រទេសអ៊ុយក្រែន ហើយអាមេរិកនឹងបន្តធ្វើការផ្តល់ជំនួយដូច ទៅនឹងការប្តេជ្ញាចិត្តរបស់យើង ដែលរួមមានទាំងជំនួយមនុស្សធម៍ និងជំនួយក្នុងការកសាង ប្រទេសផង។

គួរឲ្យដឹងដែរថា លោករដ្ឋមន្ត្រីការបរទេស អាមេរិកអង់គ្លេស និងអ៊ុយក្រែន បានជួបពិភាក្សាគ្នាម្តងរួច ទៅហើយនៅមុនពេល នៃកិច្ចប្រជុំ ស្តីអំពីការរៀបចំប្រទេសអ៊ុយក្រែនឡើងវិញ ដែលផ្តោតសំខាន់ទៅលើជំនួយ របស់អន្តរជាតិ ដើម្បីបំពេញកិច្ចខិតខំប្រឹងប្រែង មួយនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top