ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អាមេរិក សង្កត់ធ្ងន់ថា ហានិភ័យ ដែលបង្កឡើងដោយ AI ចំពោះសន្តិសុខជាតិ និងសេដ្ឋកិច្ច គឺត្រូវតែដោះស្រាយ

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយនៅថ្ងៃអង្គារថា ហានិភ័យនៃភាពវៃឆ្លាត បែបសិប្បនិម្មិត ឬ AI ចំពោះសន្តិសុខជាតិ និងសេដ្ឋកិច្ច ចាំបាច់ត្រូវដោះស្រាយ ដោយលោកបន្ថែមថា លោកនឹងស្វែងរកការ ណែនាំពីអ្នកជំនាញ ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Biden បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង San Francisco ថា “រដ្ឋបាលរបស់ខ្ញុំប្តេជ្ញាការពារសិទ្ធិ និងសុវត្ថិភាពរបស់ជនជាតិអាមេរិក ខណៈដែលការពារភាពឯកជន ក្នុងការដោះស្រាយភាពលំអៀង និងព័ត៌មានមិនពិត ដើម្បីធ្វើឱ្យប្រាកដថា ប្រព័ន្ធភាពឆ្លាតវៃបែបសិប្បនិមិត្ត ឬ AI មានសុវត្ថិភាពមុនពេលពួកវា ត្រូវបានចេញផ្សាយ” ។

លោក Biden បានជួបជាមួយក្រុមមេ ដឹកនាំសង្គមស៊ីវិល និងអ្នកតស៊ូមតិ ដែលពីមុនបានរិះគន់ឥទ្ធិពល របស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដើម្បីពិភាក្សាអំពីបញ្ញា សិប្បនិម្មិត ឬ AI នេះ។ លោកបានមានប្រសាសន៍ថា “ខ្ញុំចង់ស្តាប់ដោយផ្ទាល់ពីអ្នកជំនាញ”។

រដ្ឋាភិបាលជាច្រើន កំពុងពិចារណាអំពីរបៀបកាត់បន្ថយគ្រោះថ្នាក់ នៃបច្ចេកវិទ្យា ដែលកំពុងរីកចម្រើន ដែលបានជួបប្រទះនឹងការរីកដុះដាល នៃការវិនិយោគ និងប្រជាប្រិយភាព របស់អ្នកប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីការចេញផ្សាយ ChatGPT របស់ OpenAI ។

កិច្ចជំនួបរបស់លោក Biden កាលពីថ្ងៃអង្គាររួមមានលោក Tristan Harris នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលបច្ចេកវិទ្យាមនុស្សធម៌ ស្ថាបនិក Algorithmic Justice League លោក Joy Buolamwini និងសាស្ត្រាចារ្យសាកលវិទ្យាល័យ Stanford លោក Rob Reich ។

និយតករទូទាំងពិភពលោកបាននឹងកំពុងធ្វើការ ដើម្បីបង្កើតច្បាប់គ្រប់គ្រងការប្រើប្រាស់ AI ជំនាន់ថ្មី ដែលអាចបង្កើតអត្ថបទ និងរូបភាព ហើយឥទ្ធិពល របស់វាត្រូវបានគេប្រៀបធៀប ទៅនឹងអ៊ីនធឺណិត ៕

To Top