ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃពុធនេះ ប្រទេសចិន បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ចំពោះការលើកឡើងរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ចំពោះប្រធានាធិបតីចិន ហ្ស៊ី ជិនពីង ថា “ជាជនផ្តាច់ការ” ដោយថ្លែងថា ការលើកឡើងរបស់គាត់គឺ “មិនសមហេតុផល និងគ្មានការទទួលខុសត្រូវសោះ” ហើយបានបង្ហាញពី “ការមិនពេញចិត្ត និងការប្រឆាំងយ៉ាងខ្លាំង” របស់ខ្លួន ។
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាននៅទីក្រុងប៉េកាំង ថា ការអត្ថាធិប្បាយរបស់លោក បៃដិន កាលពីថ្ងៃអង្គារនៅក្នុងព្រឹត្តិការណ៍ រៃអង្គាសប្រាក់នៅរដ្ឋកាលីហ្វ័រនីញ៉ា គឺជា “ការប្រឆាំងនឹងពិធីការនៃការទូត” ហើយបានរំលោភយ៉ាងធ្ងន់ធ្ងរដល់ សេចក្តីថ្លៃថ្នូរខាងផ្នែកនយោបាយរបស់ប្រទេសចិន ។
ការកត់សម្គាល់របស់លោក បៃដិន បានធ្វើឡើងនៅគ្រាដែលសហរដ្ឋអាមេរិក និងប្រទេសចិន បានព្រមព្រៀងគ្នាក្នុងការធ្វើឱ្យ ទំនាក់ទំនងរបស់ពួកគេមានស្ថិរភាព ដោយភាពតានតឹងលើកោះតៃវ៉ាន់ និងបញ្ហាផ្សេងទៀតក្នុងអំឡុងពេល ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ រហូតដល់ថ្ងៃចន្ទទៅកាន់ទីក្រុងប៉េកាំង ដោយលោក Antony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ។
ប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែងថា លោក ហ្ស៊ី មានការខកចិត្តចំពោះភាពតានតឹងជុំវិញការសង្ស័យថា បាល់ឡុងចារកម្មរបស់ចិន ដែលត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំង របស់សហរដ្ឋអាមេរិកកាលពីខែកុម្ភៈ លោក បៃដិន បានថ្លែងថា “នោះជាការអាម៉ាស់យ៉ាងខ្លាំងសម្រាប់ជនផ្តាច់ការ ហើយនៅពេលដែលពួកគេមិនដឹងថា មានអ្វីកើតឡើងនោះទេ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា