ព័ត៌មានអន្តរជាតិ

ប្រទេសជិត ៦០ ប្រកាសគាំទ្រនិងផ្តល់ជំនួយ សម្រាប់កសាងប្រទេសអ៊ុយក្រែន

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអន្តរជាតិចំនួនជិត៦០ប្រទេស បានបង្ហាញជំហក្នុងការគាំទ្រ និងចូលរួមឧបត្ថម្ភដល់ការកសាង ប្រទេសអ៊ុយក្រែនឡើងវិញ។

ការប្រកាសដែលធ្វើឡើង ដោយនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ុយក្រែន Denys Shmyhal កាលពីថ្ងៃពុធម្សិលមិញ ហើយលោកបានបញ្ជាក់ទៀតថា ក្នុងនោះប្រទេសចំនួន៣០ បានធ្វើការចុះហត្ថលេខារួចរាល់ហើយ ក្នុងការបង្កើតគំនិតផ្តួចផ្តើមដើម្បីគាំទ្រដល់ អ៊ុយក្រែនក្នុងការកសាងសហគមន៍រស់នៅ ក្នុងការកសាងប្រទេសឡើងវិញ។

តាមផែនការប្រទេសអ៊ុយក្រែនកំពុងរៀបចំ ក្នុងការអនុវត្តគម្រោងកសាងសរុប ដែលមានចំនួនដល់ទៅ២១៤គម្រោងរួចមកហើយ ដោយសហការជាមួយនឹងដៃគូអន្តរជាតិ និងអង្គការនានាហើយតាមការគណនាដំបូង អ៊ុយក្រែនត្រូវការថវិកាយ៉ាងហោចណាស់ ៤១១ពាន់លានដុល្លារ ក្នុងនោះប្រមាណជា ១៤,១ពាន់លានដុល្លារ សម្រាប់ឆ្នាំនេះ។

គួរឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍របស់ លោកនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានធ្វើឡើងនៅក្នុងសន្និសិទកាសែតមួយ ស្តីអំពីការងើបឡើងវិញនៃ ប្រទេសអ៊ុយក្រែនដែលធ្វើឡើងរយៈពេល ២ថ្ងៃក្នុងទីក្រុងឡុង ហើយក្នុងនោះប្រទេសទាំងឡាយ បានសន្យាជំនួយសរុបប្រមាណជា ៤,៣ពាន់លានដុល្លាររួចមកហើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top