គន្លឹះសំខាន់ គឺនៅត្រង់ថា តើភាគីអាមេរិក អាចធ្វើតាមពាក្យសន្យា របស់ខ្លួនដែរឬទេ
កាលពីថ្ងៃទី១៩ ខែមិថុនា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ចប់ដំណើរទស្សនកិច្ច នៅប្រទេសចិន អស់រយៈពេលពីរថ្ងៃ ។ ក្នុងអំឡុងពេលនេះ លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនា ជាមួយលោក ហើយមន្ត្រីចិន ទទួលបន្ទុកកិច្ចការទូត ក៏បានជួបសន្ទនានិង ជួបពិភាក្សាការងារ ជាមួយលោកផងដែរ ។
ភាគីទាំងពីរបានឯកភាពគ្នារួមគ្នា អនុវត្តយ៉ាងប្រាកដប្រជា នូវគំនិតឯកភាពរួម នៃកិច្ចសន្ទនា កោះបាលី រវាងប្រមុខរដ្ឋចិននិងអាមេរិក ដែលបញ្ចេញ សញ្ញាវិជ្ជមានស្តីពីការបញ្ឈប់ការធ្លាក់ចុះ និងស្វែងរកស្ថិរភាព នៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ។
អំពីដំណើរទស្សនកិច្ច របស់លោក Antony Blinken លើកនេះ លោក Joe Biden ប្រធានាធិបតីអាមេរិកបានឆ្លើយតប កាលពីថ្ងៃទី១៩ខែមិថុនាថា យើងកំពុងដើរតាមផ្លូវដ៏ត្រឹមត្រូវ ។ មតិអន្តរជាតិបាននាំគ្នាយកចិត្តទុកដាក់ ចំពោះការផ្លាស់ប្តូរយ៉ាងស្មោះត្រង់ រវាងភាគីទាំងពីរចិន និងអាមេរិក ដោយសម្គាល់ថា នេះនឹងមានអំណោយផល ដល់ការគ្រប់គ្រង ការខ្វែង គំនិតនិងទប់ស្កាត់ការប៉ះទង្គិច ។
បើចង់កែលម្អទំនាក់ទំនង រវាងចិននិងអាមេរិក មុនដំបូងគួរតែស្វែងរក នូវមូលហេតុពីឬសគល់ ។ ពេលជួបសន្ទនាជាមួយលោក Antony Blinken ភាគីចិនបានបង្ហាញ ពីមតិយោបល់យ៉ាងស្មោះត្រង់ថា ទំនាក់ទំនងរវាងចិននិងអាមេរិក ធ្លាក់ចុះដល់កម្រិតទាប មូលហេតុពីឬសគល់គឺ ដោយមកពីភាគីអាមេរិក ប្រកាន់ខ្ជាប់ការយល់ដឹងដ៏ខុសឆ្គង ចំពោះប្រទេសចិន បណ្តាលឱ្យមានគោលនយោបាយដ៏ខុសឆ្គង ចំពោះប្រទេសចិន ដូច្នេះ “ភាគីអាមេរិកចាំបាច់ ត្រូវពិចារណាពីកំហុស របស់ខ្លួនឱ្យបានស៊ីជម្រៅ” ។ បើចង់ឱ្យទំនាក់ទំនងឈប់ធ្លាក់ចុះនិងវិវឌ្ឍទៅមុខដោយនឹងនរ ភារកិច្ចជាបន្ទាន់គឺ ត្រូវអនុវត្តជាក់ស្តែង នូវគំនិតឯកភាពរួម រវាងប្រមុខរដ្ឋ របស់ប្រទេសទាំងពីរយ៉ាងពិតប្រាកដ ។
កាលពីខែវិចិ្ឆកា ឆ្នាំ២០២២ លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនា ជាមួយលោក Joe Biden ប្រធានាធិបតីអាមេរិកនៅកោះបាលី ហើយបានឈានដល់គំនិតឯកភាពគ្នា ដ៏សំខាន់មួយចំនួន ដែលបានបង្កើត បរិយាកាស សម្រាប់កិច្ចសន្ទនា និងការផ្លាស់ប្តូរថែមមួយកម្រិតទៀត រវាងចិននិងអាមេរិក ។ ប៉ុន្តែបន្ទាប់ពីនេះ ទង្វើមួយចំនួនរបស់ភាគីអាមេរិកបានបញ្ឈប់ដំណើរ សន្ទនាគ្នារវាងភាគីទាំងពីរចិននិងអាមេរិក ។ ដូច្នេះភាគីចិនបានគូសបញ្ជាក់ម្តង ហើយម្តងទៀតថា រំពឹងទុកភាគីអាមេរិក ប្រកាន់ខ្ជាប់នូវអាកប្បកិរិយា ប្រកបដោយវិចារណញ្ញាណនិងភាពប្រាកដប្រជា ដើម្បីអនុវត្តជាក់ស្តែងនូវអាកប្បកិរិយាវិជ្ជមាន ពាក់ព័ន្ធទៅលើសកម្មភាព ។
ក្នុងនាមជាទំនាក់ទំនងទ្វេភាគីមួយ គូដ៏សំខាន់បំផុតលើពិភពលោក ទំនាក់ទំនងរវាងចិននិងអាមេរិក វាពាក់ព័ន្ធនឹងអនាគតនិងជោគវាសនារបស់មនុស្សជាតិ ពោលគឺមិនត្រឹមតែត្រូវផ្តោត លើពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវដើរ កាន់តែឆ្ងាយនិងកាន់តែរឹងមាំផងដែរ ។ បើចង់សម្រេចបាននូវចំណុចនេះ សំខាន់បំផុតគឺត្រូវអនុវត្ត ជាក់ស្តែង នូវគោលការណ៍ដែលគោរពគ្នាទៅវិញទៅមក រួមរស់នៅដោយ សន្តិសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ។
ក្នុងនោះ បញ្ហាតៃវ៉ាន់ជាគន្លឹះនៃផល ប្រយោជន៍ស្នូលរបស់ចិន ហើយក៏ជាបញ្ហាដ៏ធំនិងសំខាន់បំផុតក្នុងទំនាក់ទំនងរវាងចិននិងអាមេរិកផងដែរ ។ ភាគីចិនដាស់តឿនឱ្យភាគីអាមេរិក ប្រកាន់ខ្ជាប់យ៉ាងពិតប្រាកដនូវគោលការណ៍ប្រទេសចិន តែមួយដែលត្រូវកំណត់ក្នុងសេចក្តី ប្រកាសរួមចំនួនបីរវាងចិន និងអាមេរិក គោរពអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់ចិន ការប្រឆាំងយ៉ាងច្បាស់លាស់នូវ “ការចង់ឱ្យតៃវ៉ាន់ឯករាជ្យ” គឺជាខ្សែបន្ទាត់ក្រហមនៃបញ្ហា ផលប្រយោជន៍ ស្នូលបំផុត ។
ក្រៅពីនេះ ភាគីចិនទាមទារយ៉ាង ច្បាស់លាស់ ឱ្យភាគីអាមេរិកបញ្ឈប់ឃោសនាបំប៉ោងពី “ការគំរាមកំហែង របស់ប្រទេសចិន” លុបចោលការដាក់ទណ្ឌកម្មខុស ច្បាប់ដោយឯកតោភាគីទៅលើប្រទេសចិន និងលះបង់ចោលការទប់ស្កាត់ ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ចិន ។
នៅពេលមុននិងក្រោយ ការបំពេញទស្សនកិច្ចនៅប្រទេសចិន លោក Antony Blinken បានថ្លែងជាច្រើនលើកថា ប្រទេសទាំងពីរអាមេរិក និងចិនមានទំនួលខុសត្រូវនិង កាតព្វកិច្ចគ្រប់គ្រងទំនាក់ទំនងទ្វេភាគីឱ្យបានល្អ នេះគឺសមស្របនឹងផលប្រយោជន៍របស់អាមេរិកនិងចិន ក៏ដូចជាពិភពលោក ផងដែរ ។ លោកបានបង្ហាញ យ៉ាងច្បាស់លាស់ថា ភាគីអាមេរិកនឹង ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីវិលត្រឡប់ទៅ រករបៀបវារៈដែលកំណត់ដោយកិច្ចជំនួបកោះបាលីរវាងប្រមុខរដ្ឋ ប្រទេសទាំងពីរ និងគោរពកិច្ចសន្យាស្តីពី “បួនចំណុចមិនធ្វើនិងគ្មាន បំណងចំនួនមួយ”ដូចដែលលោក Joe Biden ប្រធានាធិបតីអាមេរិកបានសន្យានោះ ។
បើមើលពីអតីតកាល ភាគីអាមេរិក មិនខ្វះការបង្ហាញឥរិយាបថ ស្តីពីការកែលម្អទំនាក់ទំនង រវាងចិននិងអាមេរិកនោះទេ តែគឺខ្វះសកម្មភាពជាក់ស្តែង ។ សង្ឃឹមថា លើកនេះ ភាគី អាមេរិក អាចធ្វើតាមកិច្ចសន្យា របស់ខ្លួនយ៉ាងដាច់ខាត បង្ហាញពីរូបភាពជាប្រទេស មហាអំណាចមួយ គួរតែមានតាម រយៈភាពស្មោះត្រង់ និងសកម្មភាព ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិន និងអាមេរិកវិលត្រឡប់ទៅ រកភាពប្រក្រតីឡើងវិញ ៕
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន