ព័ត៌មានអន្តរជាតិ

ក្រុមអន្តរជាតិអាមេរិក បារាំង និង កាណាដា កំពុងប្រឹងប្រែងស្វែងរក នាវាទេសចរណ៍ខ្នាតតូច Titan ដែលកំពុងបាត់ខ្លួន នៅក្រោមសមុទ្រ

ញូយ៉ក ៖ ក្រុមអន្តរជាតិ កំពុងតស៊ូស្វែងរកទីតាំង និងជួយសង្គ្រោះនាវាមុជទឹក ដែលបានបាត់ខ្លួន នៅមហាសមុទ្រអាត្លង់ទិក ភាគខាងជើង នៃប្រទេសកាណាដា កាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលនាវានោះ ធ្វើដំណើរកម្សាន្តក្រោមសមុទ្រ ដើម្បីមើលបំណែក របស់កប៉ាល់ទីតានិចដែលបានលិច តាំងពីយូរឆ្នាំមកហើយ ។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឆ្មាំឆ្នេរសមុទ្រអាមេរិក បាននិយាយកាលពីថ្ងៃពុធថា យន្តហោះកាណាដាមួយគ្រឿងបានលឺសំឡេងរញ៉េរញ៉ៃ ដែលមិនស្គាល់អត្តសញ្ញាណ នៅក្នុងតំបន់រុករកនៅថ្ងៃដដែល ជាមួយនឹងពេលវេលាកំណត់ម៉ោង នៅមុនពេលមនុស្សទាំង៥នាក់ នៅលើនាវាបាត់ខ្លួននោះត្រូវបានគេរំពឹងថា នឹងអស់អុកស៊ីសែន នៅព្រឹកថ្ងៃព្រហស្បតិ៍ ។

លោកអនុសេនីយ៍ Jamie Frederick មកពីឆ្មាំសមុទ្រទីមួយ របស់សហរដ្ឋអាមេរិក បានប្រាប់អ្នកយកព័ត៌មានថា “ទាក់ទងនឹងសំឡេងរញ៉េរញ៉ៃ ជាពិសេសយើងមិនដឹងថាវាជាអ្វីទេ” ។ យន្តហោះកាណាដាមួយគ្រឿង ក៏បានឮសំឡេងនេះក្នុងតំបន់កាលពីថ្ងៃអង្គារ។

ក្រុមដែលរួមមានអាជ្ញាធរសហរដ្ឋអាមេរិក កាណាដា និងបារាំង នឹងបន្តដាក់ពង្រាយយន្តហោះ កប៉ាល់ និងឧបករណ៍ផ្សេងៗទៀត សម្រាប់ការរុករក។

សូមជម្រាបថា នាវាមុជទឹក Titan ដែលដំណើរការ ដោយក្រុមហ៊ុនអាមេរិក OceanGate Inc. បានបាត់ខ្លួនជិត២ម៉ោង បន្ទាប់ពីវាបានចុះទៅក្នុង សមុទ្រកាលពីព្រឹកថ្ងៃអាទិត្យ នេះបើយោងតាមឆ្មាំឆ្នេរសមុទ្រ ។ លោក Stockton Rush ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន គឺជាអ្នកបើកនាវានោះផ្ទាល់ ខណៈដែលអ្នករួមដំណើរ ៤ នាក់ផ្សេងទៀតនៅលើនាវា រួមមានជំនួញជនជាតិអង់គ្លេស អ្នកជំនាញ ផ្នែកសមុទ្រជនជាតិបារាំង និងអ្នកជំនួញអង់គ្លេស ដើមកំណើតប៉ាគីស្ថាន ជាមួយកូនប្រុសជំទង់របស់គាត់, នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ។

អ្នកទាំងប្រាំនាក់កំពុងធ្វើដំណើរទៅកាន់ចំណុចមួយនៅចម្ងាយប្រហែល ៧០០ គីឡូម៉ែត្រពីភាគខាងត្បូងរដ្ឋធានី St. John’s នៅលើកោះ Newfoundland នៃប្រទេសកាណាដា និងជម្រៅទឹកប្រហែល ៣ ៨០០ ម៉ែត្រ ដែលជាកន្លែងដែលបំណែក នៃនាវាដឹកអ្នកដំណើរដ៏ប្រណិតស្ថិតនៅ៕

To Top