បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានឈានទៅដល់ការព្រមព្រៀងគ្នា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដែលមានចំនួនយ៉ាងច្រើនមួយនៅក្នុងវិស័យការពារជាតិ និងក៏ដូចជាបច្ចេកវិទ្យាផងដែរ។
យោងតាមការចេញផ្សាយរបស់កាសែត The Kyodo News បានឲ្យដឹងដែរថាកិច្ចព្រមព្រៀង ពង្រីកកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងផងដែរក៏ដើម្បីរារាំងប្រឆាំងទៅនឹង ឥទ្ធិពលចិនក្នុងពេលដែលសេដ្ឋកិច្ច ដ៏មានកំណើនរបស់ចិន និងកម្លាំងរីកលូតលាស់នៃកងយោធាចិន កំពុងរីកសាយភាយឡើង។

ក្នុងនោះផងដែរតាមរយៈកិច្ចព្រមព្រៀងនេះ គេសង្កេតឃើញថា ក៏នឹងមានការអនុញ្ញាតិឲ្យក្រុមហ៊ុនអាមេរិក General Electric Co. ដើម្បីធ្វើការរួមគ្នាជាមួយនឹងក្រុមហ៊ុនឥណ្ឌា ក្នុងការផលិតម៉ាស៊ីនយន្តហោះចម្បាំង នៅក្នុងប្រទេសឥណ្ឌាផងដែរ។
គួរឲ្យដឹងដែរថា លោក Biden ក៏បានថ្លែងប្រាប់ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ នៅទីក្រុងវ៉ាស៊ីនតោនដែរថា ភាពជាដៃគូជាមួយឥណ្ឌាគឺស្ថិតក្នុងចំណោម ផលវិបាកបំផុតនៅក្នុងពិភពលោក ប៉ុន្តែទំនាក់ទំនងរវាងអាមេរិកនិងឥណ្ឌា នឹងកាន់តែរឹងមាំជាង កាន់តែជិតស្និទ្ធ និងមានភាពស្វាហាប់ជាង ពេលណាទាំងអស់ក្នុងប្រវត្តិសាស្ត្រ ៕
ប្រែសម្រួល៖ ស៊ុន លី
