ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីចិន ៖ ការអភិវឌ្ឍន៍របស់ចិន នាំមកនូវ ឱកាសដល់ពិភពលោក មិនមែនជាហានិភ័យនោះទេ

ប៉ារីស៖ នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានឲ្យដឹងថា ការអភិវឌ្ឍន៍របស់ប្រទេសចិន នាំមកនូវឱកាសជាជាងហានិភ័យដល់ពិភពលោក ដោយបានបញ្ជូនស្ថិរភាពជាជាងភាពតក់ស្លុតដល់ខ្សែសង្វាក់ឧស្សាហកម្មសកលលោក និងខ្សែសង្វាក់ផ្គត់ផ្គង់។

ក្នុងអំឡុងពេលជួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel នៅខាងក្រៅកិច្ចប្រជុំកំពូលសម្រាប់កិច្ចព្រមព្រៀងហិរញ្ញប្បទានសកលថ្មី លោក Li បានលើកឡើងថា ប្រទេសចិនសង្ឃឹមថា សហភាពអឺរ៉ុប នឹងមើលកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយប្រទេសចិន ក្នុងគោលបំណង និងសមហេតុផល និងធ្វើការជាមួយប្រទេសចិន ដើម្បីការពារបរិយាកាសល្អ នៃកិច្ចសហប្រតិបត្តិការជាក់ស្តែងចិន-សហភាពអឺរ៉ុប។

ដោយកត់សម្គាល់ថាឆ្នាំនេះជាខួបលើកទី២០ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងសហភាពអឺរ៉ុប លោក Li បានលើកឡើងថា ប្រទេសចិន ត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយអឺរ៉ុប ដើម្បីធ្វើឱ្យកិច្ចប្រជុំកំពូលចិន-សហភាពអឺរ៉ុបថ្មីទទួលបានជោគជ័យ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចបៃតង វិស័យពាណិជ្ជកម្ម និងឌីជីថល ដើម្បីបើកកន្លែងថ្មី សម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-សហភាពអឺរ៉ុប។

លោកបានបន្ដថា ប្រទេសចិន មានឆន្ទៈក្នុងការខិតខំប្រឹងប្រែងរួមគ្នាជាមួយអឺរ៉ុប ដើម្បីបង្កើនភាពជឿជាក់ និងស្ថិរភាព នៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុប ហើយសម្រេចបាននូវផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ។

លោកបន្ដទៀតថា មិនមានជម្លោះផលប្រយោជន៍ជាមូលដ្ឋានរវាងចិន និងសហភាពអឺរ៉ុប នោះទេ ដោយលោកបានលើកឡើងថា ភាគីទាំងពីរបានទទួលផលប្រយោជន៍ពីការអភិវឌ្ឍន៍របស់គ្នាទៅវិញទៅមក ប្រកាន់ខ្ជាប់នូវស្វ័យភាពជាយុទ្ធសាស្រ្ត និងពហុភាគីនិយម និងមានមតិឯកភាពទូលំទូលាយលើការប្រែប្រួលអាកាសធាតុ និងបញ្ហាសកលលោកផ្សេងទៀត។

នាយករដ្ឋមន្ត្រីចិនរូបនេះបានបន្ថែមថា ប្រទេសចិន និងសហភាពអឺរ៉ុប គួរតែបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក និងដោះស្រាយកង្វល់តាមរយៈកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យ។

លោកបញ្ជាក់ទៀតថា នោះគឺអំណោយផលដល់ការអភិវឌ្ឍន៍រួមរបស់ប្រទេសចិន និងសហភាពអឺរ៉ុប ការឆ្លើយតបរួមគ្នា ចំពោះបញ្ហាប្រឈមសកល និងការកសាងពិភពលោកពហុប៉ូល ដោយបន្ថែមថា វាក៏បម្រើផលប្រយោជន៍ជាមូលដ្ឋានរបស់ភាគីទាំងពីរ ហើយនឹងចាក់បញ្ចូលស្ថិរភាព និងថាមពលវិជ្ជមានចូលទៅក្នុងពិភពលោក៕ ប្រែសម្រួល ឈូក បូរ៉ា

To Top