ព័ត៌មានអន្តរជាតិ

ការនាំចេញរបស់អាល្លឺម៉ង់ ទៅកាន់ប្រទេសមិនមែនសហភាពអឺរ៉ុប ធ្លាក់ចុះ ២,៣ភាគរយនៅក្នុងខែឧសភា

ប៊ែរឡាំង ៖ ការនាំចេញរបស់អាល្លឺម៉ង់ ទៅកាន់បណ្តាប្រទេសនៅក្រៅសហភាពអឺរ៉ុប បានបន្តធ្លាក់ចុះនៅក្នុងខែឧសភា ដោយបានធ្លាក់ចុះ ២,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ មកត្រឹម ៥៩,១ ពាន់លានអឺរ៉ូ (៦៥ពាន់លានដុល្លារអាមេរិក) នេះបើយោងតាមទិន្នន័យបណ្តោះអាសន្ន ដែលចេញផ្សាយដោយការិយាល័យស្ថិតិសហព័ន្ធនៅលើ (Destatis)។

ការនាំចេញទៅកាន់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាល្លឺម៉ង់ បានធ្លាក់ចុះ ៤,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំមកត្រឹម ៨,៨ ពាន់លានអឺរ៉ូ។ ទន្ទឹមនឹងនេះដែរ ការនាំចេញទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ៧,១ ភាគរយមកត្រឹម ១២,៥ពាន់លានអឺរ៉ូ នេះបើយោងតាម ​​Destatis ។

ស្ថានភាពទំនងជាមិនប្រសើរឡើងក្នុងពេលឆាប់ៗនេះទេ។ “រូបភាពអាប់អួរកំពុងលេចឡើង” សម្រាប់ប្រទេសអាល្លឺម៉ង់ ក៏ដូចជាសហភាពអឺរ៉ុបទាំងមូល នេះបើយោងតាមសូចនាករពាណិជ្ជកម្មខែមិថុនា ដោយវិទ្យាស្ថាន Kiel សម្រាប់សេដ្ឋកិច្ចពិភពលោក (IfW Kiel) ។

អ្នកជំនាញផ្នែកពាណិជ្ជកម្ម IfW Kiel លោក Vincent Stamer បានឲ្យដឹងថា “ចាប់តាំងពីសហរដ្ឋអាមេរិក គឺជាប្រទេសអតិថិជនដ៏សំខាន់បំផុត សម្រាប់អ្នកនាំចេញអាល្លឺម៉ង់ ភាពទន់ខ្សោយខាងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននៅក្នុងសហរដ្ឋអាមេរិក អាចបង្អាក់ការនាំចេញរបស់អាល្លឺម៉ង់នៅទីនោះ” ។

IfW Kiel រំពឹង​ថា ​ទាំង​ការ​នាំ​ចូល​និង​ការ​នាំ​ចេញ​របស់​អាល្លឺម៉ង់ សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក នឹង​ធ្លាក់​ចុះ​ក្នុង​ខែ​មិថុនា ដោយសារ​ទំហំ​ពាណិជ្ជកម្ម​ពិភពលោក​កំពុង​ធ្លាក់​ចុះ។ ការលើកលែងតែមួយគត់ ចំពោះនិន្នាការអវិជ្ជមានគឺប្រទេសចិន ជាមួយនឹងការព្យាករណ៍កើនឡើង ៤ភាគរយនៃការនាំចេញ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top