ព័ត៌មានអន្តរជាតិ

សមាជិកអាស៊ាន គ្រោងធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូង ចាប់ពីថ្ងៃទី១៨-២៥ ខែកញ្ញា នៅឥណ្ឌូនេស៊ី

បរទេស ៖ យោងតាមយោធាឥណ្ឌូណេស៊ី បានឱ្យដឹងថា ចំពេលមានភាពតានតឹងក្នុងតំបន់ជាមួយប្រទេសចិន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ កំពុងរៀបចំផែនការធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូងរបស់ខ្លួន ដោយបញ្ចប់នៅថ្ងៃព្រហស្បតិ៍ ទីតាំងគឺនៅសមុទ្រ Natuna ភាគខាងត្បូង នៃប្រទេសឥណ្ឌូនេស៊ី ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំ នៃកងកម្លាំងការពារជាតិអាស៊ានលើកទី ២០ នៅកោះបាលីនាថ្ងៃទី ៧ ខែមិថុនា ប្រមុខយោធាអាស៊ានទាំង ១០ប្រទេស បានយល់ព្រមធ្វើការហ្វឹកហ្វឺនរួមគ្នាជាប្រចាំ និងសម្របសម្រួលការល្បាតនៅក្នុងដែនទឹក នៃសមុទ្រចិនខាងត្បូង ដែលមានការចូលរួមពីកងទ័ពជើងទឹក និងកងកម្លាំងពិសេសរបស់ពួកគេចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២៥ ខែកញ្ញា ទោះបីជាមានការសង្ស័យពីរដ្ឋជាសមាជិកគឺកម្ពុជាក៏ដោយ។

អ្នកនាំពាក្យយោធាឥណ្ឌូណេស៊ី លោកឧត្តមនាវីឯក Julius Widjojino បាននិយាយថា “សមយុទ្ធនេះមិនផ្តោតលើការប្រយុទ្ធទេ ដូច្នេះវាសមបំផុតសម្រាប់ភាគខាងត្បូង ដែលមានទំនាក់ទំនងផ្ទាល់ជាមួយប្រជាជន” ដោយបន្ថែមថា សមយុទ្ធនេះនឹងធ្វើឡើងនៅក្នុង និងជុំវិញកោះ Batam នៅ មាត់ច្រកសមុទ្រម៉ាឡាកា ដែលជាផ្លូវទឹកយុទ្ធសាស្ត្រមួយទៀតសម្រាប់ពាណិជ្ជកម្មពិភពលោក។

កាលពីថ្ងៃចន្ទ យោធាឥណ្ឌូណេស៊ីបានប្រមូលផ្តុំជាមួយប្រតិភូយោធាអាស៊ាននៅក្នុងរដ្ឋធានីហ្សាកាតារបស់ឥណ្ឌូនេស៊ី ដើម្បីពិភាក្សាអំពីការរៀបចំសម្រាប់សមយុទ្ធនេះ រួមទាំងសេណារីយ៉ូ ឧបករណ៍ដែលត្រូវប្រើប្រាស់ និងទីតាំងនៃសមយុទ្ធ, នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់យោធា។

សមយុទ្ធអាស៊ាន ដែលមានឈ្មោះថា សាមគ្គីភាព នឹងត្រូវធ្វើឡើង ខណៈដែលចិនកំពុងអះអាងទាមទាររបស់ខ្លួន ចំពោះតំបន់ នៃសមុទ្រចិនខាងត្បូង ដែលទីតាំងដែលត្រូវបានទាមទារផងដែរ ដោយឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងហ្វីលីពីន ដែលជារដ្ឋសមាជិកអាស៊ានទាំងអស់ ហើយឆ្នាំនេះ ឥណ្ឌូណេស៊ី កាន់តំណែងជាប្រធានវិលជុំ នៃប្លុកតំបន់នេះ។

​បើ​តាម​អ្នក​នាំ​ពាក្យ​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន លោក Liu Pengyu ប្រាប់ VOA នៅ​ថ្ងៃ​ទី ១២ ខែ​មិថុនាថា “ចិនជឿជាក់ថាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសនានាត្រូវតែមានភាពអំណោយផលដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

បណ្តាប្រទេសទាំងនោះមិនគួរបង្កើនភាពតានតឹង ឬធ្វើឱ្យខូចដល់ទំនុកចិត្តរវាងប្រទេសនានានោះទេ គឺនៅតែមិនកំណត់គោលដៅទៅលើភាគីទីបីណាមួយឡើយ” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top