ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិកថា វា​ជារឿងសំខាន់​ក្នុង​ការ​រក្សា​ ទំនាក់ទំនង​រវាង​អាមេរិក​និង​ចិន​ បន្ទាប់​ពី​ចិនថ្កោលទោសលោក Biden

បរទេស៖ បន្ទាប់ពីសុន្ទរកថា របស់លោកប្រធានាធិបតីអាមេរិកលោក Joe Biden ដែលហៅមេដឹកនាំចិនលោក Xi Jinping ថាជា “ជនផ្តាច់ការ” និងបានទាញការថ្កោលទោស ពីទីក្រុងប៉េកាំងមកនោះ , រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា វាជារឿងសំខាន់ដែលសហរដ្ឋអាមេរិក និងចិនរក្សាទំនាក់ទំនង ដូច្នេះប្រទេសទាំងពីរអាច “ធ្វើការរួមគ្នា” លើបញ្ហាប្រឈមជាសកល ដែលកើតឡើង ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉ារីស ប្រទេសបារាំង លោកស្រី Yellen បាននិយាយថា “ទាក់ទងទៅនឹងការអត្ថាធិប្បាយរបស់ប្រធានាធិបតី Biden ខ្ញុំគិតថា លោកប្រធានាធិបតី Biden និងខ្ញុំ ទាំងពីរនាក់ជឿថា វាមានសារៈសំខាន់ណាស់ ក្នុងការថែរក្សាទំនាក់ទំនង … ដើម្បីជម្រះការយល់ខុស ការគណនាខុស គឺយើង​ត្រូវ​សហការ​គ្នា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

លោក​ស្រី​បាន​បន្ថែម​ថា​ «​យើង​មាន​ការ​ខ្វែង​គំនិត​គ្នា ហើយ​យើង​ក៏​និយាយ​ដោយ​ត្រង់​ដែរ​ ក្នុង​ការ​ទទួល​ស្គាល់​ថា​ យើង​មាន​ការ​ខ្វែង​គំនិត​គ្នា»។

ថ្មីៗនេះ Yellen បានតស៊ូមតិសម្រាប់ការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដោយហេតុផលថាកិច្ចសហប្រតិបត្តិការ គឺចាំបាច់សម្រាប់ជាប្រយោជន៍ នៃការរក្សាស្ថិរភាពពិភពលោក ៕

ប្រែសម្រួលៈ ណៃ តុលា

To Top