បរទេស ៖ ប្រទេសជប៉ុន និងបារាំង បានព្រមព្រៀងគ្នាក្នុងការពង្រឹងភាពជាដៃគូការពារប្រទេស ក្នុងការឆ្លើយតបទៅនឹងការពង្រីកយោធារបស់ប្រទេសចិន ខណៈដែលទីក្រុងប៉ារីស ត្រូវបានគេរាយការណ៍ថា បានប្រឆាំងនឹងផែនការរបស់អង្គការណាតូ ក្នុងការបើកការិយាល័យនៅទីក្រុងតូក្យូ។
យោងតាមសារព័ត៌មាន Japan Today ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi និងសមភាគីបារាំង លោក Catherine Colonna បានជួបប្រជុំគ្នា បន្ទាប់ពីកាសែត Financial Times បានរាយការណ៍កាលពីដើមខែនេះថា ប្រធានាធិបតី បារាំង លោក Emmanuel Macron បានជំទាស់នឹងអ្វីដែលនឹងក្លាយជាការិយាល័យដំបូង របស់អង្គការណាតូ នៅអាស៊ី។
រដ្ឋាភិបាលជប៉ុន បានឱ្យដឹងថា លោក Hayashi និងលោក Colonna បានបញ្ជាក់ឡើងវិញ នូវកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការប្រឈមមុខ នឹងការកើនឡើង នៃកម្លាំងយោធារបស់ប្រទេសចិន ប៉ុន្តែពួកគេមិនបានលើកឡើងអំពី សំណើបង្កើតការិយាល័យណាតូ ក្នុងទីក្រុងតូក្យូ ដើម្បីដោះស្រាយការគំរាមកំហែង ផ្នែកសន្តិសុខនៅក្នុងតំបន់អាស៊ីនោះទេ។
បារាំងដែលជាសមាជិកណាតូ បានសម្តែងការប្រឆាំងនឹងផែនការបង្កើតការិយាល័យដោយបារម្ភថា វាអាចបញ្ឆេះភាពតានតឹងរវាងប្រទេសចិន និងសម្ព័ន្ធភាពឆ្លងអាត្លង់ទិក ដែលបាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយជប៉ុននាពេលថ្មីៗនេះ។
លោក Macron បានធ្វើឱ្យមានការចាប់អារម្មណ៍ បន្ទាប់ពីបាននិយាយនៅក្នុងបទសម្ភាសន៍ប្រព័ន្ធផ្សព្វផ្សាយ កាលពីខែមេសាថា អឺរ៉ុបមិនគួរជាអ្នកដើរតាមទាំងសហរដ្ឋអាមេរិកឬចិន ទេ ខណៈពេលដែលជំរុញឱ្យអង្គការណាតូ កុំពង្រីកលទ្ធភាពរបស់ខ្លួនឱ្យហួសពីអាត្លង់ទិកខាងជើង៕ ប្រែសម្រួលៈ ណៃ តុលា