ព័ត៌មានអន្តរជាតិ

​Update: រុស្ស៊ី ជំរុញឱ្យអ្នកប្រយុទ្ធ Wagner ទាំងអស់ដាក់អាវុធចុះចាញ់

ម៉ូស្គូ៖ មជ្ឈមណ្ឌល PMC Wagner ក្នុងទីក្រុង St. Petersburg ត្រូវបានរារាំងដោយកងកម្លាំងសន្តិសុខកាលពីថ្ងៃសៅរ៍ បន្ទាប់ពីក្រុមយោធាឯកជន Wagner ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើបះបោរប្រដាប់អាវុធ ខណៈដែលអ្នកប្រយុទ្ធរបស់ខ្លួន ត្រូវបានជំរុញដោយក្រសួងការពារជាតិរុស្ស៊ី ឱ្យដាក់អាវុធចុះចាញ់។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានបដិសេធព័ត៌មានអំពីកងកម្លាំងប្រដាប់អាវុធរុស្ស៊ី វាយប្រហារជំរុំខាងក្រោយនៃមជ្ឈមណ្ឌល Wagner PMC ដោយបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ត្រូវបានជូនដំណឹងអំពីស្ថានភាពនេះ ហើយថា វិធានការចាំបាច់ទាំងអស់ កំពុងត្រូវបានអនុវត្ត។

អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួរបានឃើញរថយន្តប៉ូលិសជាច្រើនបានចតនៅក្នុង ឬជុំវិញបរិវេណនៃមជ្ឈមណ្ឌលនេះ ដោយមានមន្ត្រីអនុវត្តច្បាប់ជាច្រើននាក់កំពុងបំពេញកាតព្វកិច្ច ប៉ុន្ដែស្ថានឿភាពជុំវិញនោះបច្ចុប្បន្ន មានភាពស្ងប់ស្ងាត់។

មជ្ឈមណ្ឌលទំនាក់ទំនងសាធារណៈនៃសេវាសន្តិសុខសហព័ន្ធរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា សំណុំរឿងព្រហ្មទណ្ឌមួយ កំពុងត្រូវបានផ្តួចផ្តើមប្រឆាំងនឹងលោក Yevgeny Prigozhin ដែលជាប្រធានក្រុមយោធាឯកជន Wagner សម្រាប់ការញុះញង់ឱ្យមានការបះបោរប្រដាប់អាវុធ​ និង​មាន​វិធានការ​ចាប់​ខ្លួនលោក។

ការ​អំពាវនាវ​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​ការ​ថត​សំឡេង​ជា​ច្រើន​ត្រូវ​បាន​គេ​បង្ហោះ​លើ​ប៉ុស្តិ៍ Telegram របស់លោក Prigozhin។ នៅក្នុងការថតសំឡេងទាំងនេះ លោក Prigozhin បានអះអាងថា អង្គភាពរបស់លោក បានរងការវាយប្រហារ ដោយចោទប្រកាន់ថ្នាក់ដឹកនាំយោធារបស់រុស្ស៊ីថា ជាអ្នករៀបចំការវាយប្រហារ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី។

ក្រសួងការពារជាតិរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសថាព័ត៌មាន ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមក្នុងនាមលោក Prigozhin អំពីការវាយប្រហារដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី លើជំរុំខាងក្រោយ Wagner PMC គឺមិនពិត។

បន្ថែមពីលើនេះ ក្រសួងបានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បន្តអនុវត្តបេសកកម្មប្រយុទ្ធតាមខ្សែបន្ទាត់ទំនាក់ទំនងជាមួយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (UAF) នៅក្នុងតំបន់ដែលប្រតិបត្តិការយោធាពិសេសកំពុងប្រព្រឹត្តទៅ។

ក្រសួងរុស្ស៊ីបាននិយាយថាទីក្រុងគៀវ កំពុងប្រមូលផ្តុំអង្គភាពនៃកងពលតូចម៉ារីនទី៣៥ និងទី៣៦ UAF ក្នុងទិសដៅរបស់បាក់មុត សម្រាប់សកម្មភាពវាយលុក “ទាញយកប្រយោជន៍ពីការញុះញង់របស់លោក Prigozhin លើការមិនរៀបចំស្ថានភាព”៕

​ប្រែសម្រួល ឈូក បូរ៉ា

To Top