តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian និងសមភាគីរុស្ស៊ី លោក Sergei Lavrov បានជួបពិភាក្សាគ្នា អំពីការវិវត្តថ្មីៗ នៅក្នុងប្រទេសរុស្ស៊ី ដែលថា ក្រុមទាហាន ស៊ីឈ្នួល Wagner ប៉ុនប៉ងបះបោរប្រដាប់អាវុធ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
នៅក្នុងការសន្ទនា តាមទូរស័ព្ទមួយ អ្នកការទូតកំពូលទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីទំនាក់ ទំនងទ្វេភាគីផងដែរ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់ក្រសួងការបរទេសអ៊ីរ៉ង់ ។
លោក Amir-Abdollahian បានសម្តែងការគាំទ្រ ចំពោះនីតិរដ្ឋក្នុងប្រទេសទាំងអស់ រួមទាំងប្រទេសជិតខាង និង ជាមិត្តរបស់រុស្ស៊ី ដោយថ្កោលទោស រាល់ការជ្រៀតជ្រែក ពីបរទេសនៅក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋ ។
លោកបានសង្កត់ធ្ងន់ថា ស្ថានភាពផ្ទៃក្នុង របស់រុស្ស៊ីជាបញ្ហាក្នុងស្រុក ដោយបន្ថែមថា រុស្ស៊ី នឹងឆ្លងកាត់ដំណាក់កាលបច្ចុប្បន្ន ។ ចំណែកលោក Lavrov បានគូសបញ្ជាក់អំពីការអនុវត្តនីតិរដ្ឋទាក់ទង នឹងបូរណភាពទឹកដីរបស់ប្រទេសលោក ដោយសំដៅលើការកត់សម្គាល់ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ។
រដ្ឋមន្ត្រីរុស្ស៊ីក៏បានឲ្យដឹងផងដែរ អំពីទំនាក់ទំនង “កម្រិតខ្ពស់” របស់ប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ ពីភាពចាំបាច់ នៃការអនុវត្តកិច្ច ព្រមព្រៀងទ្វេភាគី។
គណៈកម្មាធិការជាតិប្រឆាំងភេរវកម្មរបស់រុស្ស៊ីបានប្រកាសថា របបប្រតិបត្តិការប្រឆាំងភេរវករត្រូវបាន ដាក់ឱ្យប្រើប្រាស់នៅទីក្រុងមូស្គូ តំបន់មូស្គូ និងតំបន់ Voronezh ដើម្បីការពារសកម្មភាពភេរវករ ដែលអាចកើតមានបន្ទាប់ ពីក្រុមយោធាឯកជន Wagner ត្រូវបានចោទប្រកាន់ថា ព្យាយាមរៀបចំការបះបោរ ប្រដាប់អាវុធ ៕