បរទេស ៖ ប្រធានទាហានស៊ីឈ្នួលជនជាតិរុស្សី លោក Yevgeny Prigozhin មានកេរ្តិ៍ឈ្មោះល្បីល្បាញ ចំពោះការប្រឈមមុខដាក់គ្នាដោយឥតលាក់លៀម និងប្រមាថដល់អាជ្ញាធរ សូម្បីតែមុនពេលការប៉ុនប៉ងបះបោរ ដែលលោកបានធ្វើឡើងកាលពីថ្ងៃសៅរ៍ក៏ដោយ។
កិច្ចព្រមព្រៀង ដែលបានរាយការណ៍ សម្រាប់លោក ក្នុងការនិរទេសខ្លួននៅប្រទេសបេឡារុស្ស នឹងដាក់លោកឲ្យនៅក្នុងប្រទេស ដែលមានអាកប្បកិរិយាបែបនេះកាន់តែតិចជាងនៅក្នុងប្រទេសកំណើតរបស់លោកទៅទៀត។
លោក Prigozhin កាលពីថ្ងៃអាទិត្យ គឺនៅស្ងៀមដោយគ្មានលក្ខណៈពិសេសនៅពេលដែលកងកម្លាំងយោធាឯកជន Wagner របស់លោក បានដកថយពីទីក្រុងរុស្ស៊ី បន្ទាប់ពីការប្រកាសរបស់វិមានក្រឹមឡាំងថា លោកបានយល់ព្រមចាកចេញទៅបេឡារុស្ស។ វានៅតែមិនច្បាស់ថា តើលោកពិតជានៅទីនោះ ឬយ៉ាងណានោះទេ។
ប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko តាមសេចក្តីរាយការណ៍បានចរចារលើកិច្ចព្រមព្រៀងនេះ ហើយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា លោក Lukashenko “បានស្គាល់លោក Prigozhin អស់រយៈពេលជាយូរមកហើយ យ៉ាងហោចណាស់រយៈពេល ២០ឆ្នាំ” ។
ប៉ុន្តែវិធីមិនស្មោះត្រង់របស់លោក Prigozhin គឺផ្ទុយនឹងការគាបសង្កត់យ៉ាងធ្ងន់ធ្ងររបស់លោក Lukashenko ចំពោះការមិនពេញចិត្ត និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។
កាន់អំណាចតាំងពីឆ្នាំ១៩៩៤ មេដឹកនាំដែលជារឿយៗត្រូវបានគេហៅថា “មេដឹកនាំផ្តាច់ការចុងក្រោយរបស់អឺរ៉ុប” បានបើកការបង្រ្កាបយ៉ាងឃោរឃៅលើការតវ៉ានៅឆ្នាំ២០២០ ប្រឆាំងនឹងការគ្រប់គ្រងរបស់លោក។ មនុស្សរាប់រយនាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលវែង រួមទាំងអ្នកឈ្នះរង្វាន់ណូបែលសន្តិភាព Ales Bialiatski ផងដែរ។
ក្រោមការដឹកនាំរបស់លោក Lukashenko ប្រទេសបេឡារុស្ស បានជាប់ចំណងស្ទើរតែទាំងស្រុងជាមួយប្រទេសរុស្ស៊ី ដែលនៅជិតខាង ដោយយល់ព្រមបង្កើត “រដ្ឋសហជីព” ដែលនៅតែកំពុងដំណើរការបច្ចុប្បន្ន។
ទោះបីជាកងទ័ពរបស់ប្រទេសបេឡារុស មិនត្រូវបានគេដឹងថា បានចូលរួមក្នុងសង្គ្រាមរបស់រុស្ស៊ី លើអ៊ុយក្រែនក៏ដោយ ក៏ប្រទេសនេះអនុញ្ញាតឱ្យរុស្ស៊ី ដាក់មូលដ្ឋានទ័ពនៅទីនោះ ដែលបានប្រយុទ្ធនៅអ៊ុយក្រែន និងបានធ្វើកិច្ចព្រមព្រៀងនៅឆ្នាំនេះ សម្រាប់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្ររបស់រុស្ស៊ី ហើយលោក Lukashenko គឺជាសម្ព័ន្ធមិត្តដ៏ខ្លាំងក្លារបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
ជំហររបស់លោក Prigozhin ចំពោះមេដឹកនាំវិមានក្រឹមឡាំង គឺកាន់តែស្រពិចស្រពិល។ ទោះបីជាយុទ្ធជនរបស់លោក បានធ្វើដំណើរយ៉ាងលឿនទៅកាន់ទីក្រុងមូស្គូ កាលពីថ្ងៃសៅរ៍ក៏ដោយលោក Prigozhin មិនបានរិះគន់លោក ពូទីន ដោយផ្ទាល់នោះទេ ហើយជំនួសមកវិញបានអះអាងថា គោលបំណងរបស់លោក គឺដើម្បីបណ្តេញស្ថាប័នការពារជាតិរុស្ស៊ី ដែលលោកបានបរិហារថា ពុករលួយ និងអសមត្ថភាព ដោយបានត្អូញត្អែរថា វាធ្វើឱ្យខូចដល់កងកម្លាំងរបស់លោក ដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា