បរទេស ៖ អជ្ញាធរ នៃប្រទេសមីយ៉ាន់ម៉ា បានធ្វើការបំផ្លាញចោល នូវថ្នាំញៀនខុសច្បាប់ ដែលបានរឹបអូសមានតម្លៃដល់ទៅ៤៤៦លានដុល្លារ នៅចំថ្ងៃប្រយុទ្ធប្រឆាំងទៅនឹង ថ្នាំញៀនអន្តរជាតិដែលធ្វើឡើងកាលពីថ្ងៃចន្ទម្សិលមិញនេះ។
យោងតាមការចេញផ្សាយរបស់ The VOA News បានឲ្យដឹងដែរថាថ្នាំញៀនទាំងនោះ ត្រូវបានដុតបំផ្លាញចោលបន្ទាប់ពីក្រុមអ្នកជំនាញយូអិន បានព្រមានអំពីការកើនឡើង នៃផលិតកម្មផលិតអាភៀននិងសារធាតុហេរ៉ូអ៊ីន ព្រមទាំងមេតាហ្វេតាមីននៅក្នុងប្រទេសមីយ៉ាន់ម៉ា មួយរយៈកន្លងមកនេះនិងក៏ដូចជាការគម្រាម នៃការនាំចេញព្រមទាំងពង្រីកទីផ្សារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងផង។
គួរឲ្យដឹងដែរថាប្រទេសមីយ៉ាន់ម៉ាមានប្រវត្តិ នៃការលក់ និងផលិតថ្នាំញៀនជាយូរមកហើយ និងក៏ដូចជាការផលិតដែលមានការពាក់ព័ន្ធទៅនឹងក្រុមនយោបាយ និងអស្ថេរភាពសេដ្ឋកិច្ចរបស់ប្រទេស។
មីយ៉ាន់ម៉ាត្រូវបានគេចាត់ទុកថា ជាអ្នកផលិតនិងនាំចេញសារធាតុមេតាហ្វេតាមីន ដ៏ធំបំផុតមួយ របស់ពិភពលោកផងដែរ បន្ទាប់ពីប្រទេសអាហ្គានីស្ថាន៕ ប្រែសម្រួល៖ស៊ុនលី