ព័ត៌មានអន្តរជាតិ

លោក ពូទីន ហៅអ្នករៀបចំការបះបោររបស់ទាហាន Wagner ថា “ជនក្បត់” ហើយថា អ្នករៀបចំទាំងនោះ បានរុញទាហានខ្លួនឱ្យទៅស្លាប់

រូបភាពពី៖​ AFP

បរទេស៖ នៅក្នុងសុន្ទរកថា ទៅកាន់ប្រជាជាតិរុស្ស៊ី ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានរិះគន់ធ្ងន់ធ្ងន់ទៅលើអ្នករៀបចំការបះបោររបស់ទាហាន Wagner ដោយហៅពួកគេថា “ជនក្បត់” ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា មេដឹកនាំរុស្ស៊ី បាននិយាយថា អ្នករៀបចំទាំងនោះបានកុហកប្រជាជនរបស់ពួកគេ ហើយ “បានរុញពួកគេឱ្យទៅស្លាប់ ក្រោមការបាញ់ប្រហារដើម្បីបាញ់ខ្លួនឯង” ដោយបង្វែរពីពិរុទ្ធភាពរបស់អ្នកប្រយុទ្ធ Wagner សម្រាប់ការវាយលុកទីក្រុង Rostov ភាគខាងត្បូង ដែលពួកគេបានកាន់កាប់ ជាបណ្តោះអាសន្ននៅតាមផ្លូវឆ្ពោះទៅទីក្រុងម៉ូស្គូ។

លោកពូទីនបានអញ្ជើញទាហាន Wagner និងមេបញ្ជាការរបស់ពួកគេដែលលោកបានហៅថា ជា “អ្នកស្នេហាជាតិ” ឱ្យចូលរួមយោធារុស្ស៊ី ដោយចុះហត្ថលេខាជាមួយក្រសួងការពារជាតិរុស្ស៊ី ឬជាមួយភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀត។

លោក ពូទីន ក៏បានផ្តល់ឱ្យទាហាន Wagner នូវជម្រើសផងដែរ ប្រសិនបើពួកគេចង់ត្រលប់ទៅជួបជុំគ្រួសារ និងមិត្តភក្តិរបស់ពួកគេ ឬផ្លាស់ទៅប្រទេសបេឡារុស្ស ប្រសិនបើពួកគេជ្រើសរើស។

មេដឹកនាំរុស្ស៊ីមិនបាននិយាយអំពីប្រធាន Wagner លោក Yevgeny Prigozhin ដែលបានដឹកនាំការបះបោរនោះទេ។ ទោះជាយ៉ាងណាក៏ដោយ លោក ពូទីន បាននិយាយថា អ្នករៀបចំការបះបោរនេះបានក្បត់ “ប្រទេសរបស់ពួកគេ ប្រជាជនរបស់ពួកគេ ក្បត់អ្នកដែលត្រូវបានទាញចូលទៅក្នុងឧក្រិដ្ឋកម្ម” ។

លោកក៏បាននិយាយផងដែរថា តាមរយៈការបះបោរនេះ អ្នករៀបចំបានផ្តល់ឱ្យសត្រូវរុស្ស៊ី នូវអ្វីដែលពួកគេចង់បាន នោះ គឺ “ទាហានរុស្ស៊ី សម្លាប់គ្នាទៅវិញទៅមក ដើម្បីឱ្យបុគ្គលិកយោធា និងជនស៊ីវិលស្លាប់ ដូច្នេះនៅទីបំផុតរុស្ស៊ី នឹងចាញ់ “។

លោកពូទីនក៏បាននិយាយផងដែរថា លោកមានចេតនាអនុញ្ញាតឱ្យមានការបះបោរកើតឡើងរយៈពេល ២៤ ម៉ោង កាលពីថ្ងៃសៅរ៍ដោយកងជីវពល Wagner ដរាបណាការបណ្តោយបែបនេះ វាបានធ្វើដើម្បីជៀសវាងការបង្ហូរឈាម ហើយថា វាបានពង្រឹងឯកភាពជាតិ។

ប្រធានាធិបតីរុស្ស៊ី បន្តថា “ក្នុងចំនោមរឿងផ្សេងទៀតគឺត្រូវការពេលវេលាដើម្បីផ្តល់ឱកាសឱ្យអ្នកដែលបានធ្វើខុស នូវឱកាសដើម្បីដឹងខ្លួនថា សកម្មភាពរបស់ពួកគេត្រូវបានច្រានចោលដោយសង្គម ហើយថា ដំណើរប្រព្រឹត្តដែលពួកគេបានចូលរួមមានសោកនាដកម្ម និងការបំផ្លិចបំផ្លាញ ផលវិបាកសម្រាប់រុស្ស៊ី និងសម្រាប់រដ្ឋរបស់យើង”៕ ប្រែសម្រួលៈ ណៃ តុលា

To Top