ព័ត៌មានអន្តរជាតិ

លោក Li Qiang នាយករដ្ឋមន្ត្រីចិន អញ្ជើញចូលរួម ក្នុងកិច្ចសន្ទនាសហគ្រិន សកល នៃវេទិកា សេដ្ឋកិច្ចពិភពលោក

នៅរសៀលថ្ងៃទី ២៧ ខែមិថុនា លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួម ក្នុងកិច្ចសន្ទនាសហគ្រិនសកល នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅក្រុង Tianjin ដើម្បីសំណេះសំណាល ជាមួយតំណាងសហគ្រិន ។ លោក Schwab ប្រធានវេទិកាសេដ្ឋកិច្ច ពិភពលោក បានធ្វើជាអធិបតី ក្នុងកិច្ចសន្ទនាលើកនេះ ហើយលោកស្រី Iweala អគ្គនាយិកាអង្គការពាណិជ្ជកម្ម ពិភពលោក និងសហគ្រិនប្រហែល ១២០ រូបដែលមកពីជាង ២០ ប្រទេសនិងតំបន់បានចូលរួម ។

លោក Li Qiang បានថ្លែងបន្ទាប់ពីការស្តាប់មតិនិងយោបល់ របស់តំណាងសហគ្រិន នៃអង្គប្រជុំនៅក្នុងកិច្ចប្រជុំលើកនេះ ដោយលើកឡើងថា ប្រាជ្ញានិងភាពរឹងមាំ របស់សហគ្រិន គឺជាកម្លាំងចលករ ដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ។ អ្វីដែលពិភពលោក ត្រូវការបំផុត គឺការប្រាស្រ័យទាក់ទងគ្នា ហើយអ្វីដែលសំខាន់បំផុត គឺកិច្ចសហប្រតិបត្តិការ និង ការបើកទូលាយ ។ សកលភាវូបនីយកម្ម សេដ្ឋកិច្ចបានធ្វើឱ្យប្រទេសទាំងអស់ នៅលើពិភពលោកក្លាយ ជាសហគមន៍ នៃអនាគតរួមគ្នា ។
ការបើកទូលាយនិង កិច្ចសហប្រតិបត្តិការ គួរតែជាអាកប្បកិរិយា និងវិធីសាស្រ្តជាមូលដ្ឋានបំផុត សម្រាប់ការគិតគូរអំពីបញ្ហា និងការដោះស្រាយបញ្ហា ។
តំណាងសហគ្រិន នៃអង្គប្រជុំបានថ្លែងថា ប្រទេសចិនជាទីផ្សារ ដែលមានភាពរសរវល្បំផុត ហើយសក្ដានុពលនៃកំណើន នាពេលអនាគតនៅតែមានទំហំធំ ។ សហគ្រិនជុំវិញ ពិភពលោកគាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន ប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រ “នៅក្នុងប្រទេសចិន ធ្វើការសម្រាប់ ប្រទេសចិន” ហើយរីករាយក្នុង ការចូលរួម យ៉ាងសកម្មក្នុង ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ នៃសេដ្ឋកិច្ចចិន អនុវត្តកិច្ចសហប្រតិបត្តិការ ស៊ីជម្រៅលើវិស័យខ្សែសង្វាក់ ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់ពិភពលោក ធ្វើការសហការរួមគ្នា ក្នុងការដោះស្រាយបញ្ហា ប្រឈមជាសាកល ដូចជា ការប្រែប្រួលអាកាសធាតុ និងបង្កើតទំនាក់ទំនងភាព ជាដៃគូឈ្នះឈ្នះ ៕ អត្ថបទ ៖ វិទ្យុមិត្តភាពកម្ពុជាចិន

To Top