បរទេស ៖ អ្នកការទូតជាន់ខ្ពស់ចិនម្នាក់ បាននិយាយថា ការដាក់ទណ្ឌកម្មឯកតោភាគី របស់សហរដ្ឋអាមេរិក កំពុងក្លាយជាឧបសគ្គ នៃកិច្ចសហប្រតិបត្តិការយោធា និងយោធា ជាមួយប្រទេសចិន ។ កន្លងមកទីក្រុងប៉េកាំង បានបដិសេធមិនយល់ព្រមចំពោះជំនួប រវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិចិន ដែលទើបតែងតាំងថ្មីគឺលោក Li Shangfu ដែលស្ថិតនៅក្រោមការដាក់ ទណ្ឌកម្មផ្ទាល់ខ្លួន ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧបសគ្គរាំងស្ទះដល់កិច្ច សហប្រតិបត្តិការត្រូវបានបញ្ជាក់ កាលពីថ្ងៃពុធដោយលោក Liu Pengyu អ្នកនាំពាក្យរបស់ស្ថានទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោន។ លោកបាននិយាយក្នុងអំឡុងសន្និសីទខ្លីមួយ ដូចដែលបានដកស្រង់ ដោយ Bloomberg ថា ទណ្ឌកម្ម “គួរតែត្រូវបានដកចេញ មុនពេលការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការណាមួយ អាចកើតឡើងរវាងប្រទេសទាំងពីរ” ។
យ៉ាងណាក៏ដោយ លោក Liu មិនបានបញ្ជាក់ថា ទណ្ឌកម្មពិសេសណាមួយ ដែលលោកកំពុងសំដៅទៅលើនោះទេ ប៉ុន្តែសារព័ត៌មានបានផ្សាយថា លោក “ទំនងជាសំដៅ” ទៅលើការរឹតបន្តឹងផ្ទាល់ខ្លួន ដែលបានដាក់លើលោក Li Shangfu កាលពីឆ្នាំ ២០១៨ ។ រដ្ឋមន្ត្រីការពារជាតិចិនរូបនេះ ស្ថិតក្នុងចំណោមមន្ត្រីចិន ដែលកំណត់គោលដៅដោយរដ្ឋបាល របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្រោមច្បាប់ CAATSA ដែលជាច្បាប់មួយ សម្រាប់ដាក់ទណ្ឌកម្មលើ “សត្រូវ” របស់អាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា