ព័ត៌មានអន្តរជាតិ

ការទណ្ឌកម្ម របស់លោកខាងលិច បង្កគ្រោះថ្នាក់ដល់ជនរងគ្រោះអ៊ីរ៉ង់ ដោយសារការ វាយប្រហារអាវុធគីមី

ប្រភព ៖ AFP

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសលោកខាងលិច បានបន្តបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះអ៊ីរ៉ង់ ដោយសារសង្គ្រាមគីមី​ តាមរយៈការដាក់ទណ្ឌកម្ម ដែលរារាំងលទ្ធភាព ទទួលបានឱសថសំខាន់ៗ ជាងបីទសវត្សរ៍បន្ទាប់ពីអ៊ីរ៉ាក់ បានទម្លាក់គ្រាប់បែកគីមី នៅឯទីក្រុងនានារបស់អ៊ីរ៉ង់ ។

លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងសារមួយ ដើម្បីប្រារព្ធខួបលើកទី៣៦ នៃការវាយប្រហារគីមី របស់ប្រទេសអ៊ីរ៉ាក់នៅឯ Sardasht របស់អ៊ីរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់។

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៨៧ កំឡុងសង្គ្រាមអ៊ីរ៉ង់-អ៊ីរ៉ាក់ របបដឹកនាំរបស់មេដឹកនាំអ៊ីរ៉ាក់នៅពេលនោះ សាដាម ហ៊ូសេន បានទម្លាក់គ្រាប់បែកឧស្ម័ន mustard ទៅលើទីក្រុង Sardasht ភាគឦសានរបស់ប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មនុស្ស ១៣០នាក់ និងរបួស ៨០០០នាក់ផ្សេងទៀត។

លោក Amir-Abdollahian បានលើកឡើងថា មានភស្តុតាង “គួរឱ្យទុកចិត្ត និងឯកសារមិនអាចប្រកែកបាន” ដែលបញ្ជាក់ពីការចូលរួម “ជាក់ស្តែង និងទូលំទូលាយ” របស់រដ្ឋាភិបាលលោកខាងលិចមួយចំនួន ជាពិសេសប្រទេសអាល្លឺម៉ង់ បារាំង អង់គ្លេស ហូឡង់ និងសហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់អាវុធគីមី ដល់របបរបស់លោក សាដាម ហ៊ូសេន និងជួយវាក្នុងការប្រើប្រាស់ប្រឆាំងនឹងអ៊ីរ៉ង់។

លោកបានបន្ដថា លោកខាងលិច បាននិងកំពុង “ជូតអំបិលចូលទៅក្នុងរបួសរបស់ពួកគេ” ដោយការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ដែលរារាំងការនាំចូលថ្នាំ ដែលត្រូវការដោយអ្នករបួសនៅក្នុងការវាយប្រហារគីមី។

អ៊ីរ៉ង់​បាន​ស្ថិត​នៅ​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​អស់​រយៈពេល​បួន​ទសវត្សរ៍​មក​ហើយ។ ការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងបន្ទាប់ពីការដកឯកតោភាគីរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ក្នុងខែឧសភា ឆ្នាំ២០១៨ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម។

ទោះបីជាសហរដ្ឋអាមេរិក បានអះអាងថា របស់របរមនុស្សធម៌ រួមទាំងថ្នាំពេទ្យ និងគ្រឿងឧបភោគបរិភោគ មិនត្រូវបានបញ្ចូលក្នុងបញ្ជីទណ្ឌកម្មក៏ដោយ ប៉ុន្តែការហ៊ុមព័ទ្ធរបស់ខ្លួនលើការនាំចេញប្រេង និងវិស័យធនាគាររបស់អ៊ីរ៉ង់ ជាក់ស្តែងបានរារាំងប្រទេសពីការនាំចូលទំនិញបែបនេះ៕

ប្រែសម្រួល ឈូក​ បូរ៉ា

To Top