ព័ត៌មានអន្តរជាតិ

លោក វ៉ាង យី ៖ កិច្ចសហប្រតិបត្តិការ BRICS ជាវេទិកាសំខាន់បំផុត សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍

ប្រភព ៖Xinhua

ប៉េកាំង៖ មន្ត្រីជាន់ខ្ពស់ចិន លោក វ៉ាង យី បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការ BRICS គឺជាវេទិកាដ៏សំខាន់បំផុត សម្រាប់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ និងយន្តការស្នូលតំណាងឱ្យប្រទេសនៃភាគខាងត្បូង ដែលតំណាងឱ្យការរំពឹងទុក យ៉ាងស្មោះស្ម័គ្ររបស់ប្រទេស កំពុងអភិវឌ្ឍន៍។

លោក វ៉ាង យី ប្រធានការិយាល័យគណៈកម្មាធិការ កិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានទីប្រឹក្សា ប្រធានាធិបតីប្រេស៊ីល Celso Luiz Nunes Amorim ។

ភាគីទាំងពីរបានសម្តែងនូវឆន្ទៈក្នុងការអនុវត្តយ៉ាងពេញ លេញនូវការឯកភាពសំខាន់ៗ ដែលសម្រេចបានរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការ ផ្តល់ផ លប្រយោជន៍ទៅវិញទៅមកគ្រប់ជ្រុងជ្រោយ ដើម្បីបន្តបញ្ចូលសន្ទុះខ្លាំង ទៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរវាងចិន និងប្រេស៊ីល។

ភាគីទាំងពីរបានផ្តោតលើការសម្របសម្រួល ជាយុទ្ធសាស្ត្រទាក់ទងនឹងកិច្ចសហប្រតិបត្តិការ BRICS ក្នុងអំឡុងពេលសន្ទនា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិម CPC បានឲ្យដឹងថា ខណៈដែលពិភពលោក កំពុងប្រឈមមុខនឹងការផ្លាស់ប្តូរ មួយរយឆ្នាំ ខ្លួនសង្ឃឹមថានឹងឮសំឡេងកាន់តែច្រើនពី BRICS ហើយរំពឹងថាប្លុកនេះនឹងដើរតួនាទីកាន់តែធំ។

លោកបានបន្ថែមថា ប្រទេសចិន និងប្រេស៊ីល មានទំនួលខុសត្រូវក្នុងការដំណើរការយន្តការ BRICS ឱ្យបានល្អ និងលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ខ្លួន ដើម្បីរួមចំណែកថ្មីក្នុងការលើកកម្ពស់ពហុប៉ូលពិភពលោក សកលភាវូបនីយកម្មសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យនៃទំនាក់ទំនងអន្តរជាតិ។

សម្រាប់ផ្នែករបស់លោកវិញ លោក Amorim បានលើកឡើងថា នៅក្រោមស្ថានភាព បច្ចុប្បន្ន BRICS បាននិងកំពុងដើរតួនាទីលេចធ្លោ កាន់តែខ្លាំងឡើងក្នុងការលើកកម្ពស់ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ដោយបន្ថែមថា ប្រេស៊ីល យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទី និងឥទ្ធិពលរបស់ប្រទេសចិន ជាប្រទេសសំខាន់មួយ ។

លោកបានបន្ដថា ប្រទេសប្រេស៊ីល មានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនង និងការសម្របសម្រួល ជាមួយប្រទេសចិន គាំទ្រការងាររបស់អាហ្រ្វិក ខាងត្បូងក្នុងនាមជាប្រធាន BRICS សម្រាប់ឆ្នាំ២០២៣ ធានានូវការរៀបចំប្រកបដោយជោគជ័យ នៃកិច្ចប្រជុំមេដឹកនាំ BRICS នៅឆ្នាំនេះ និងបង្ហាញពីការរួបរួមនៃប្លុកនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top