ព័ត៌មានអន្តរជាតិ

ប្រទេសស៊ុយអែត នឹងបង្កើនកញ្ចប់ថវិកា ការពារជាតិ រហូតដល់ ២ភាគរយ នៃផលិតផល ក្នុងស្រុកសរុប

ប្រភព ៖ AFP

ស្តុកហូម ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសលោក Pal Jonson បានឲ្យដឹងថា ប្រទេសស៊ុយអែត​ នឹងបង្កើនថវិកាការពារជាតិរបស់ខ្លួន ២០ភាគរយនៅឆ្នាំក្រោយ ដើម្បីបំពេញតាមគោលដៅរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ស្មើនឹង ២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។

ទូរទស្សន៍ស៊ុយអែត (SVT) បានរាយការណ៍ថា ថវិកាការពារជាតិនឹងត្រូវបង្កើនចំនួន 20ពាន់លានក្រូន័រ (១,៨៦ ពាន់លានដុល្លារអាមេរិក) ដើម្បីឈានដល់ ១១៧ ពាន់លានក្រូន័រនៅឆ្នាំ២០២៤ និងសម្រាប់ឆ្នាំ២០២៥ រដ្ឋាភិបាលគ្រោងនឹងបង្កើនថវិកាបន្ថែមចំនួន ១២ ពាន់លានក្រូន័របន្ថែមទៀត នេះបើតាមទូរទស្សន៍ស៊ុយអែត (SVT) បានរាយការណ៍។

លោក Jonson បានប្រាប់ SVT ថា “យើងនឹងឈានដល់ ២,១ ភាគរយ (នៃផលិតផលក្នុងស្រុកសរុប) យោងតាមនិយមន័យរបស់អង្គការណាតូ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Jonson បានលើកឡើងថា “នេះគឺពិតជាចាំបាច់នៅពេល ដែលកងកម្លាំងប្រដាប់អាវុធ កំពុងប្រឈមមុខនឹងការចំណាយខ្ពស់ ដោយសារតែការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ និងអតិផរណា” ។

រដ្ឋាភិបាលស៊ុយអែត បានសម្រេចចិត្តស្វែងរកសមាជិក ភាពណាតូក្នុងខែឧសភា ឆ្នាំ២០២២ ។ រហូតមកដល់ពេលនេះ រដ្ឋសមាជិកណាតូ តួកគី និងហុងគ្រី មិនទាន់បានផ្តល់សច្ចាប័នដល់ស៊ុយអែត ជាសមាជិកនៅឡើយ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top