វ៉ាស៊ីនតោន៖ ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន បានកែតម្រូវខ្លួនឯង បន្ទាប់ពីបានលើកឡើងកាលពីសប្តាហ៍មុនថា លោកបានបញ្ចុះបញ្ចូល ប្រទេសជប៉ុន ឱ្យបង្កើនថវិកាការពារជាតិ របស់ខ្លួនយ៉ាងខ្លាំង នេះបើយោងតាមប្រតិចារិក សេតវិមាន។
លោក បៃដិន ត្រូវបានដកស្រង់សម្តីដែលនិយាយអំពីនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ក្នុងពេលទទួលស្វាគមន៍យុទ្ធនាការកាលពីយប់ថ្ងៃអង្គារនៅផ្ទះឯកជនមួយក្នុងរដ្ឋ Maryland ថា “លោកមិនត្រូវការការបញ្ចុះបញ្ចូលរបស់ខ្ញុំ ដូចដែលលោកបានសម្រេចចិត្ត រួចហើយនោះទេ”។
លោក បៃដិន បានសរសើរប្រទេសជប៉ុន ដែលបានចូលរួមយ៉ាងសកម្ម ជាមួយកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសលោកខាងលិច ដើម្បីជួយអ៊ុយក្រែន ការពារខ្លួនប្រឆាំងនឹងការឈ្លានពាន របស់រុស្ស៊ីដោយប្រាប់អ្នកគាំទ្រ គណបក្សប្រជាធិបតេយ្យថា លោក គីស៊ីដា យល់ថាការខកខានមិនបានផ្តល់ជំនួយ “នឹងបញ្ជូនភ្លើងខៀវអំពី ការឈ្លានពានរបស់ចិន បញ្ហាកោះតៃវ៉ាន់ និងរឿងមួយចំនួនទៀត។
ប្រទេសជប៉ុនកាលពីថ្ងៃសុក្របានជំទាស់នឹងការលើកឡើងរបស់លោក បៃដិន ដែលថាលោកបានជំរុញលោក គីស៊ីដា ក្នុងឱកាសចំនួន៣ ដើម្បីបង្កើនថវិកា ដោយអ្នកនាំពាក្យកំពូល របស់ប្រទេសលោក Hirokazu Matsuno បានលើកឡើងថា ទីក្រុងតូក្យូ បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា ខ្លួនបានចាត់ទុកថា ការអះអាងនេះមិនពិត។
ភាពមិនចុះសម្រុងគ្នារវាងសម្ព័ន្ធមិត្តសន្តិសុខ ដ៏យូរអង្វែងបានកើតចេញពីសុន្ទរកថា ដែលធ្វើឡើងដោយលោក បៃដិន នៅក្នុងព្រឹត្តិការណ៍មួយ ដែលធ្វើឡើងនៅឯគេហដ្ឋានឯកជនមួយក្នុងរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី២០ ខែមិថុនា។
ប្រធានាធិបតីវ័យ ៨០ ឆ្នាំរូបនេះ ត្រូវបានគេដឹងថា បាននិយាយខុសដោយបានប្រាប់សារព័ត៌មាន កាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កំពុង “ចាញ់សង្គ្រាមនៅអ៊ីរ៉ាក់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
យោងតាមសេតវិមាន លោក បៃដិន បានប្រាប់អ្នកគាំទ្ររបស់លោក នៅក្នុងព្រឹត្តិការណ៍នោះថា “ខ្ញុំ បានបញ្ចុះបញ្ចូលលោក ហើយលោកបាន បញ្ចុះបញ្ចូលខ្លួនឯងថា លោកត្រូវតែធ្វើអ្វីផ្សេង ។ ប្រទេសជប៉ុន បានបង្កើនថវិកាយោធារបស់ខ្លួនដល់កម្រិតខ្ពស់ ហើយទាយមើលថា តើនៅពេលណាដែលជប៉ុន ចាប់អារម្មណ៍នឹងអ្វីដែលកំពុងកើតឡើង នៅកណ្តាលអឺរ៉ុប ក្នុងសង្រ្គាម?” ៕
ប្រែសម្រួល ឈូក បូរ៉ា