ព័ត៌មានអន្តរជាតិ

​ចិន ជំរុញឲ្យអាមេរិក គោរពការប្តេជ្ញាចិត្ត របស់ខ្លួន ជាមួយនឹងសកម្មភាព ជាក់ស្តែង

ប្រភព ៖Xinhua

ប៉េកាំង៖ អ្នកនាំពាក្យ របស់ចិន បានឲ្យដឹងថា ប្រទេសចិន ជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការបញ្ចេញមតិ ដែលមិនទទួលខុសត្រូវ និងគោរពការប្តេជ្ញាចិត្ត របស់ខ្លួនជាមួយ នឹងសកម្មភាពជាក់ស្តែង។

លោក Mao Ning អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស ​បាន​ធ្វើ​ការ​លើក​ឡើង​នេះ ​ជា​ការ​ឆ្លើយ​តប​នឹង​របាយការណ៍ ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ។ យោងតាមរបាយការណ៍ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅក្នុង បទសម្ភាសន៍នាពេលថ្មីៗនេះថា វាមិនមែនជារឿង សម្ងាត់ទេ ដែលមានភាពខុសប្លែកគ្នា រវាងសហរដ្ឋអាមេរិក និងចិន ។ សហរដ្ឋអាមេរិកនឹងបន្តឈរជើង ដើម្បីផលប្រយោជន៍របស់ខ្លួន ក្រោកឈរឡើងសម្រាប់តម្លៃរបស់ខ្លួន ហើយបន្តធ្វើអ្វីៗ និងនិយាយអ្វីដែលចិនមិនចូលចិត្ត ។

លោកស្រីបានលើកឡើងថា ប្រទេសចិន មិនពេញចិត្តនឹងការលើកឡើង របស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Blinken នោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោកស្រីបានបន្ដថា សហរដ្ឋអាមេរិក បន្តអនុវត្តគោលនយោបាយចិន ខុសឆ្គង ដែលផ្តើមចេញពីការយល់ឃើញខុសឆ្គងលើចិន ស្វែងរកការទប់ស្កាត់​ និងគាបសង្កត់ប្រទេសចិន ហើយបាននិងកំពុងវាយប្រហារ និងលាបពណ៌មុខរបស់ចិន ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។

អ្វី​ដែល​សហរដ្ឋ​អាមេរិក​បាន​និយាយ និង​បាន​ប្រព្រឹត្ត​រំលោភ​លើ​បទដ្ឋាន​មូលដ្ឋាន ​ដែល​គ្រប់គ្រង​ទំនាក់ទំនង​អន្តរជាតិ។ អ្នកនាំពាក្យរូបនេះបានបន្ដថា ប្រទេសចិន មានហេតុផលគ្រប់យ៉ាង ដើម្បីប្រឆាំងយ៉ាងម៉ឺងម៉ាត់។

លោកស្រីបានបញ្ជាក់ថា “ខ្ញុំចង់បញ្ជាក់ម្តងទៀតថា ការគោរពគ្នាទៅវិញទៅមក គឺជាគោលការណ៍ ជាមូលដ្ឋាន សម្រាប់ប្រទេស ដែលកំពុងដោះស្រាយគ្នា ទៅវិញទៅមក និងជាធាតុផ្សំដ៏សំខាន់ សម្រាប់ប្រទេសចិន និង​អាមេរិក ក្នុងការស្វែងរកវិធីត្រឹមត្រូវ ក្នុងការចុះសម្រុងគ្នា” ដោយបន្ថែមថា ប្រទេសចិន ជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ បញ្ចេញមតិដោយមិនទទួលខុសត្រូវ និងគោរពការប្តេជ្ញាចិត្តរបស់ខ្លួន ជាមួយនឹងសកម្មភាពជាក់ស្តែង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top