គៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform គ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍ថា អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បានឲ្យដឹងថា សេចក្តីប្រាថ្នា របស់អ៊ុយក្រែន ក្នុងការចូលរួមសម្ព័ន្ធភាព នឹងត្រូវបានពិភាក្សា បន្ទាប់ពីកិច្ចប្រជុំកំពូល របស់អង្គការណាតូនៅទីក្រុង Vilnius ។
លោក Stoltenberg ត្រូវបានដកស្រង់សម្តីថា “បន្ទាប់ពីកិច្ចប្រជុំកំពូល របស់អង្គការណាតូ យើងនឹងពិភាក្សា អំពីសេចក្តីប្រាថ្នារបស់អ៊ុយក្រែន សម្រាប់សមាជិកភាពណាតូ ហើយខ្ញុំប្រាកដណាស់ថា សម្ព័ន្ធមិត្តនឹងផ្ញើសារគាំទ្រយ៉ាងខ្លាំងដល់អ៊ុយក្រែន” ។
លោក Stoltenberg បានលើកឡើងថា សម្ព័ន្ធមិត្តទាំងអស់យល់ស្របថា ទ្វាររបស់ណាតូ គឺបើកចំហ ហើយអ៊ុយក្រែន នឹងក្លាយជាសមាជិកនៃសម្ព័ន្ធភាព នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានសង្កត់ធ្ងន់ថា មានតែអ៊ុយក្រែន និងអង្គការណាតូទេ ដែលសម្រេចថាពេលណាជាពេលត្រឹមត្រូវ ដើម្បីបន្តការអញ្ជើញពេញលេញសម្រាប់អ៊ុយក្រែនឱ្យចូលរួម ។ លោក Stoltenberg បានកត់សម្គាល់ថា ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក្នុងការផ្តល់ឋានៈបេក្ខជនអ៊ុយក្រែន មានឥទ្ធិពលលើការពិភាក្សា ដែលកំពុងដំណើរការនៅក្នុងអង្គការណាតូ ។
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ មេដឹកនាំសហភាពអឺរ៉ុប បានទទួលយកអ៊ុយក្រែន ជាបេក្ខជនសម្រាប់សមាជិកភាព នៅក្នុងប្លុកនេះ។ កិច្ចប្រជុំកំពូល Vilnius NATO នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-១២ ខែកក្កដា នៅប្រទេសលីទុយអានី៕
ប្រែសម្រួល ឈូក បូរ៉ា