បរទេស៖ ក្រសួងការពារជាតិនៅទីក្រុងមូស្គូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់ “ទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាព” ថា ឧត្តមសេនីយ៍អ៊ុយក្រែនពីរនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយមីស៊ីលជាក់លាក់ខ្ពស់ របស់រុស្ស៊ីលើតំបន់ Donbass ទីក្រុងKramatorsk កាលពីថ្ងៃអង្គារ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានអះអាងមុននេះថា ការវាយប្រហារនោះបាន កំណត់គោលដៅបណ្ដោះអាសន្ន នៃកងពលតូចថ្មើរជើងលេខ ៥៦ របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ។ ចាប់តាំងពីពេលនោះមក ក្រសួងបានបន្ថែមថា មូលដ្ឋានកំពុងរៀបចំ “កិច្ចប្រជុំបុគ្គលិក” ដែលពាក់ព័ន្ធនឹងមន្ត្រីអ៊ុយក្រែន និងទីប្រឹក្សាបរទេសរាប់សិបនាក់ ។
ការវាយប្រហារដោយមីស៊ីលនោះ បានបណ្តាលឱ្យស្លាប់ “ឧត្តមសេនីយ៍ពីរនាក់ មន្ត្រីរហូតដល់ ៥០នាក់ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ព្រមទាំងទាហានស៊ីឈ្នួល និងទីប្រឹក្សាយោធាបរទេសរហូតដល់ ២០នាក់” នេះបើយោងតាមការសង្ខេបប្រចាំថ្ងៃ របស់ក្រសួងការពារជាតិរុស្ស៊ី។
ដំណឹងនេះបានកើតឡើង ខណៈកងកម្លាំងរុស្ស៊ីបន្តវាយប្រហារអ៊ុយក្រែន លើទីតាំងការពាររបស់ខ្លួនក្នុងតំបន់ Zaporozhye ព្រមទាំងនៅតំបន់ Donbass។ ក្រសួងរុស្ស៊ីបានអះអាងថា អ៊ុយក្រែនបានបាត់បង់ទាហានជិត ៨០០នាក់ ក្នុងការប៉ុនប៉ងវាយលុកលើជួរមុខផ្សេងៗក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។
ក្រសួងការពារជាតិរុស្ស៊ីបានបន្ថែមថា កងកម្លាំងរុស្ស៊ីបានបំផ្លាញសម្ភារៈធុនធ្ងន់ របស់អ៊ុយក្រែនរាប់សិបគ្រឿង រួមទាំងកាំភ្លើងយន្ត រថពាសដែក និងរថក្រោះមួយគ្រឿង ៕