ព័ត៌មានអន្តរជាតិ

ក្រុមកុបកម្ម បង្ខំឲ្យលោក Macron ក្នុងការចាកចេញ ពីកិច្ចប្រជុំកំពូលអ៊ឺរ៉ុប

ប្រភព ៖ AFP

បរទេស ៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបង្ខំចិត្តកាត់ចោលដំណើរ ទស្សនកិច្ច របស់លោកនៅទីក្រុង Brussel កាលពីថ្ងៃសុក្រ ដែលលោកគ្រោង នឹងចូលរួមកិច្ចប្រជុំកំពូល នៃបណ្តាមេដឹកនាំអឺរ៉ុប ហើយត្រឡប់ទៅប៉ារីសវិញ ដើម្បីបើកកិច្ចប្រជុំបន្ទាន់ ចំពោះបញ្ហាកុបកម្ម ដែលបន្តកើតឡើង នៅក្នុងប្រទេសដោយសារព្រឹត្តិការណ៍ បាញ់សម្លាប់យុវជនម្នាក់ ដោយប៉ូលីសបារាំង ។

យោងតាមការ ចេញផ្សាយ របស់ RT លោក​ Macron បានត្រឡប់មកដល់ប្រទេសបារាំងវិញ នៅវេលាម៉ោងប្រមាណជា១រសៀល ដោយក្នុងនោះលោកបានលប់ចោលការ ថ្លែងការណ៍សារព័ត៌មាន នៃកិច្ចប្រជុំកំពូលនេះផងដែរ ហើយការលប់ចោលដំណើរ ទស្សនកិច្ចនេះត្រូវបានប្រកាសដោយវិមាន Elysee ពីប្រទេសបារាំងនោះមកវិញ ។

គួរឲ្យដឹងដែរថា តាមការប្រកាសដោយរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃបារាំងបានឲ្យដឹងដែរថា កាលពីថ្ងៃព្រហស្បតិ៍ប៉ុណ្ណោះ ពលរដ្ឋបារាំងចំនួន៨៧៥នាក់ ត្រូវបានចាប់ឃាត់ខ្លួននៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នា សាជាថ្មីរវាងក្រុមបាតុករ និងកុបកម្មដែលជាលើកទី៣ ក្រោយព្រឹត្តិការណ៍បាញ់សម្លាប់យុវជនបារាំង អាយុ១៧ឆ្នាំតាំងតែពី សប្តាហ៍កន្លងមក។

ចាប់តាំងតែពីជម្លោះ រវាងបាតុករ និងប៉ូលីសបារាំងអគារសរុប៤៩២ខ្នង ត្រូវបានបំផ្លាញនិងរថយន្ត២០០០គ្រឿង ត្រូវបានដុតនិងមនុស្ស ដល់ជិត២ពាន់នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់៕

ប្រែសម្រួល៖ស៊ុនលី

To Top