ព័ត៌មានអន្តរជាតិ

មេដឹកនាំអឺរ៉ុប បរាជ័យក្នុងការឈានដល់ ការឯកភាពគ្នា លើបញ្ហាជនអន្ដោប្រវេសន៍

រូបភាព៖Xinhua

ព្រុចសែល៖ បណ្ដាមេដឹកនាំសហភាពអឺរ៉ុប បានបរាជ័យក្នុងការឈានដល់ការឯកភាពគ្នា លើការធ្វើចំណាកស្រុកកាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

ប្រទេសប៉ូឡូញ និងហុងគ្រី បានបន្តប្រឆាំងនឹងកាតព្វកិច្ច ដែលបានស្នើឡើងសម្រាប់ប្រទេសសហភាពអឺរ៉ុបក្នុងការស្វាគមន៍ជនចំណាកស្រុកមកកាន់ទឹកដីរបស់ពួកគេ ឬផ្សេងទៀតត្រូវបង់ថ្លៃចំនួន ២០០០០អឺរ៉ូ (២១,៨២៦ដុល្លារអាមេរិក) សម្រាប់ជនចំណាកស្រុកម្នាក់ៗ។

ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែលថា ជំហរដែលកាន់កាប់ដោយប៉ូឡូញ និងហុងគ្រី ត្រូវបានកត់សម្គាល់ ទោះបីជាលោកបានទទូចថា “ការធ្វើចំណាកស្រុក គឺជាបញ្ហាប្រឈមរបស់អឺរ៉ុប ដែលទាមទារឱ្យមានការឆ្លើយតបរបស់អឺរ៉ុប”។

ទោះបីជាមិនមានការព្រមព្រៀងគ្នាក៏ដោយ មេដឹកនាំគ្រប់គ្នា បានសម្តែងនូវ “ទុក្ខសោកយ៉ាងជ្រាលជ្រៅ” សម្រាប់ “ការបាត់បង់ជីវិតដ៏គួរឱ្យភ័យខ្លាច” នៅសមុទ្រមេឌីទែរ៉ាណេ ខណៈដែលជនចំណាកស្រុកព្យាយាមឆ្លងទៅកាន់ទ្វីបអឺរ៉ុប ដើម្បីស្វែងរកជីវិតប្រសើរជាងមុន។

លោក Michel បានកត់សម្គាល់ថា សហភាពអឺរ៉ុបនៅតែប្តេជ្ញាចិត្តក្នុងការបំបែកគំរូអាជីវកម្មរបស់អ្នកជួញដូរ និងបណ្តាញរត់ពន្ធ និងដើម្បីដោះស្រាយឫសគល់នៃការធ្វើចំណាកស្រុកមិនទៀងទាត់។

ក្រៅពីការធ្វើចំណាកស្រុក មេដឹកនាំក៏បានពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែនផងដែរ ដោយលើកឡើងថា ពួកគេត្រៀមខ្លួនជាស្រេចក្នុងការបន្តផ្តល់ជំនួយ។

ទាក់ទងនឹងការពិភាក្សារវាងគណៈកម្មការអឺរ៉ុប និងសហរដ្ឋអាមេរិក ស្តីពីច្បាប់កាត់បន្ថយអតិផរណា (IRA) ក្រុមប្រឹក្សាអឺរ៉ុប បានអញ្ជើញគណៈកម្មការនេះឱ្យវាយតម្លៃផលប៉ះពាល់របស់វា និងប្រសិទ្ធភាពនៃវិធានការ ដែលបានធ្វើឡើងក្នុងការឆ្លើយតប៕

ប្រែសម្រួល ឈូក បូរ៉ា

To Top