យេរ៉ូសាឡឺម៖ យោងតាមសាក្សី និងយោធាអ៊ីស្រាអែល បានឲ្យដឹងថា កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារយោធា ទ្រង់ទ្រាយធំមួយនៅព្រឹកថ្ងៃចន្ទ នេះទៅលើទីក្រុង Jenin ភាគខាងជើងនៃតំបន់វេសបែង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សាក្សីប៉ាឡេស្ទីនបានឲ្យដឹងថា រថពាសដែករាប់សិបគ្រឿង ដែលគាំទ្រដោយយន្តហោះដ្រូន និងឧទ្ធម្ភាគចក្រ បានសម្រុកចូលទីក្រុង និងជំរុំជនភៀសខ្លួន ដោយបន្ថែមថា ការវាយប្រហារតាមអាកាសត្រូវបាន ធ្វើឡើងអំឡុងពេលមានការបាញ់ប្រហារគ្នា រវាងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន និងទាហានអ៊ីស្រាអែល។
យោធាអ៊ីស្រាអែលបានឲ្យដឹងថា ខ្លួនបានវាយប្រហារលើ “មជ្ឈមណ្ឌលប្រតិបត្តិការរួម” ដែលបម្រើការជាមជ្ឈមណ្ឌលបញ្ជា សម្រាប់អ្នកប្រយុទ្ធមកពីកងពលតូចទីក្រុង Jenin ដែលជាអង្គភាពប្រដាប់អាវុធ ដែលមានក្រុមយុទ្ធជនមកពីក្រុមសកម្មប្រយុទ្ធផ្សេងៗគ្នា។ ប្រភពបានបដិសេធមិនបញ្ជាក់ថា តើការវាយប្រហារ នៅថ្ងៃចន្ទក៏ពាក់ព័ន្ធនឹងយន្តហោះដ្រូនផងដែរ។
សាក្សីប៉ាឡេស្ទីនបានឲ្យដឹងទៀតថា កងកម្លាំងអ៊ីស្រាអែល បានចូលទៅក្នុង Jenin ភ្លាមៗបន្ទាប់ពីការវាយប្រហារ តាមអាកាសបានចាប់ផ្តើម ហើយការប៉ះទង្គិចប្រដាប់អាវុធ បានផ្ទុះឡើងរវាងទាហាន និងខ្មាន់កាំភ្លើងប៉ាឡេស្ទីន។
វិទ្យុអ៊ីស្រាអែល បានរាយការណ៍ថានាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ ដែលបានជួបប្រជុំជាមួយ មេដឹកនាំសន្តិសុខអ៊ីស្រាអែល កាលពីយប់ថ្ងៃអាទិត្យត្រូវបានធ្វើឱ្យទាន់សម័យ នៅពេលដែលប្រតិបត្តិការនៅតែបន្ត។
ភាគីប៉ាឡេស្ទីនកាលពីថ្ងៃអាទិត្យ បានថ្កោលទោសលោក ណេតាន់យ៉ាហ៊ូ ចំពោះគោលនយោបាយរបស់លោក ក្នុងការជំរុញអ្នកតាំងលំនៅអ៊ីស្រាអែល ឱ្យប្រព្រឹត្តបទឧក្រិដ្ឋបន្ថែមទៀតប្រឆាំងនឹងប៉ាឡេស្ទីន។
ក្រសួងការបរទេសប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ភាពអួតអាងរបស់លោក ណេតាន់យ៉ាហ៊ូ ក្នុងការសម្លាប់ប្រជាជនប៉ាឡេស្ទីនមួយចំនួនធំ ចាប់តាំងពីការបង្កើតរដ្ឋាភិបាលរបស់លោក ជំរុញឱ្យអ្នកតាំងលំនៅ ប្រព្រឹត្តឧក្រិដ្ឋកម្មកាន់តែច្រើន ឡើងលើប្រជាជនរបស់យើង” ៕
ប្រែសម្រួល ឈូក បូរ៉ា