ព័ត៌មានអន្តរជាតិ

Update: ផែនការបញ្ចេញទឹក សំណល់នុយក្លេអ៊ែរ របស់​ជប៉ុន បង្កហានិភ័យ ដែលមិនអាចទទួលយកបាន

កូឡាឡាំពួរ ៖ យោងតាមអ្នកសង្កេតការណ៍ មកពីសមាគមម៉ាឡេស៊ី (MCA) បានឱ្យដឹងថា ផែនការ របស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកសំណល់ វិទ្យុសកម្មចេញពីរោងចក្រ ថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលខូចចូលទៅក្នុងមហាសមុទ្រ បង្កឱ្យមានហានិភ័យ ដែលមិនអាចទទួលយកបាន ។

អនុប្រធានការិយាល័យទំនាក់ទំនង និងការទូតអន្តរជាតិ MCA លោក Neow Choo Seong បានឲ្យដឹងថា ការបញ្ចេញទឹកកខ្វក់នេះ នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ផ្នែកផ្សេងៗ នៃប៉ាស៊ីហ្វិក រួមទាំងបណ្តាប្រទេស នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលពឹងផ្អែកលើជលផល ទាំងសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ ។

ការបំពុលនៃវិស័យជលផល នឹងមានគ្រោះថ្នាក់ ជាពិសេសមិនត្រឹមតែប៉ះពាល់ដល់សុខភាពមនុស្ស ដោយសារតែការប៉ះពាល់ជាពិសេស តាមរយៈអាហារសមុទ្រ ដែលបំពុល ដោយលោហធាតុធ្ងន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់ផងដែរ ព្រោះអ្នកទេសចរនឹង នៅឆ្ងាយពីការយល់ឃើញអវិជ្ជមាន ។ លោកបានព្រមានថា ​នឹងមានហានិភ័យពិតប្រាកដ ខណៈពេលដែលការនាំចេញអាហារសមុទ្រនឹងធ្លាក់ចុះ។

លោកបន្ដថា “មិនមានដែនកំណត់ ចំពោះចលនានៃចរន្តទឹកសមុទ្រ បូកនឹងជីវិតសត្វសមុទ្រ ដែលធ្វើចំណាកស្រុកឥតឈប់ឈរនោះទេ ទឹកសំណល់វិទ្យុសកម្មនេះ អាចសាយភាយ ដល់ប្រទេសជិតខាង និងទឹកសមុទ្រកាន់តែទូលំទូលាយនៅទូទាំងតំបន់ រួមទាំងបណ្តាប្រទេស នាំចេញអាហារសមុទ្រធំៗ នៅលើពិភពលោកដូចជា ចិន វៀតណាម និងថៃ​ ដូច្នេះហើយ វាប្រាកដជានឹងបំពុលជីវិតសត្វសមុទ្រ និងខ្សែសង្វាក់អាហារ ហើយបង្កការគំរាមកំហែងរយៈពេលវែងដល់សុខភាព សាធារណៈរបស់យើង”។

លោក Neow បានស្នើថា ម៉ាឡេស៊ីគួរ តែប្រើប្រាស់សំឡេង និងឥទ្ធិពលរបស់ខ្លួននៅក្នុងអាស៊ាន ក៏ដូចជាវេទិកាពហុភាគីផ្សេងទៀត ដូចជាអង្គការ សហប្រជាជាតិ ដើម្បីលើកឡើង ពីបញ្ហានេះ ហើយបញ្ជាក់ឱ្យច្បាស់ ចំពោះប្រទេសជប៉ុនថា ប្រទេសជាច្រើនប្រឆាំង នឹងចលនាឯកតោភាគី របស់ខ្លួន និងកង្វះតម្លាភាពជុំវិញវា។

លោកបានបន្ថែមថា “កង្វះតម្លាភាពលើការសម្រេចចិត្តឯកតោភាគីនេះ បានធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមសហគមន៍អន្តរជាតិ និងប្រតិកម្មយ៉ាងខ្លាំងពីប្រទេសជិតខាង អង្គការអន្តរជាតិ សង្គមស៊ីវិល ក៏ដូចជាសហគមន៍នេសាទក្នុងតំបន់”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top