សេអ៊ូល ៖ គណបក្សប្រជាធិបតេយ្យ (DP) ដែលជាគណបក្សប្រឆាំង ដ៏សំខាន់របស់កូរ៉េខាងត្បូង បានធ្វើការប្រមូលផ្តុំគ្នាមួយនៅកណ្តាលទីក្រុងសេអ៊ូល កាលពីថ្ងៃសៅរ៍ ដើម្បីប្រឆាំងនឹងផែនការ បញ្ចេញ ទឹកកខ្វក់នុយក្លេអ៊ែរ របស់ប្រទេសជប៉ុន និង ជំរុញឱ្យរដ្ឋាភិបាល បញ្ជាក់យ៉ាងច្បាស់ ពីការប្រឆាំងទៅនឹងផែនការ របស់ប្រទេសជប៉ុន ។
លោក Lee Jae-myung ប្រធានគណបក្ស DP បានឲ្យដឹងថា ប្រសិនបើជប៉ុន ចង់បំពុលសមុទ្រ រដ្ឋាភិបាលកូរ៉េខាងត្បូង គួរតែប្រឆាំងដោយបើកចំហ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
តំណាងរាស្រ្តបក្សប្រឆាំងមួយនេះ បានអំពាវនាវឱ្យប្រជាជនកូរ៉េខាងត្បូង រួបរួមគ្នាប្រឆាំងនឹងផែនការបញ្ចេញទឹកសំណល់វិទ្យុសកម្មរបស់ប្រទេសជប៉ុន ហើយរួមគ្នាការពារជីវិតប្រជាជន។
លោក Cho Han-ki ពលរដ្ឋម្នាក់ ដែលបានចូលរួមក្នុងការប្រមូលផ្តុំនេះ បានប្រាប់កាសែតថា “វាមិនសមហេតុផល សម្រាប់ប្រទេសជប៉ុន ដែលជាប្រទេសអភិវឌ្ឍន៍ ក្នុងការប្រថុយជីវិតមនុស្សនៅទូទាំងពិភពលោក ដោយការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរ ចូលទៅក្នុងសមុទ្រ”។
ទោះបីជាមានការប្រឆាំង ជាបន្តបន្ទាប់ពីប្រទេសជិតខាងរបស់ខ្លួន និងបណ្តាប្រទេសកោះប៉ាស៊ីហ្វិកក៏ដោយ ក៏ប្រទេសជប៉ុន បាននិងកំពុងប្រញាប់ ប្រញាល់អនុវត្តផែនការរបស់ខ្លួនក្នុងការចាក់ចោលទឹកសំណល់វិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលខូចចូលទៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក៕
ប្រែសម្រួល ឈូក បូរ៉ា