ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន ថា ទីក្រុងគៀវ គ្មានការសម្ងាត់ណាមួយជាមួយ CIA អាមេរិកឡើយ

បរទេស៖ លោកប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀ ហ្សេលេនស្គី បានអះអាងថា ទីក្រុងគៀវ មិនរក្សា “អាថ៌កំបាំងណាមួយ” ជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក (CIA) នោះទេ។

លោកបានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ CNN ដែលបានចាក់ផ្សាយកាលពីថ្ងៃចន្ទដោយបង្ហាញពី “ការភ្ញាក់ផ្អើល” ដែលកិច្ចប្រជុំថ្មីៗនេះរបស់លោកជាមួយប្រធាន CIA លោក William Burns បានទទួលការចាប់អារម្មណ៍លើប្រព័ន្ធផ្សព្វផ្សាយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយ​ផ្អែកតាមការលើកឡើងរបស់លោក ហ្សេលេនស្គី ថា “ការប្រាស្រ័យទាក់ទងរបស់ខ្ញុំជាមួយប្រធាន CIA គួរតែនៅពីក្រោយឆាកជានិច្ច។ យើងពិភាក្សាអំពីរឿងសំខាន់ៗ – អ្វីដែលអ៊ុយក្រែនត្រូវការ និងរបៀបដែលអ៊ុយក្រែន ត្រៀមធ្វើសកម្មភាព”។

លោក ហ្សេលេនស្គី បានអះអាងថា រដ្ឋាភិបាលទីក្រុងគៀវ នៅតែស្ថិតក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយភ្នាក់ងារចារកម្មអាមេរិក ដោយបន្ថែមថា ប្រទេសនេះស្ទើរតែគ្មានអាថ៌កំបាំងជាមួយ CIA ឡើយ។
លោកបានបន្ថែមថា ភ្នាក់ងារចារកម្មអ៊ុយក្រែន រក្សាទំនាក់ទំនងជាមួយ CIA ។

លោកបន្តថា យើងមិនមានអាថ៌កំបាំងណាមួយពី CIA ទេ ព្រោះយើងមានទំនាក់ទំនងល្អ ហើយសេវាស៊ើបការណ៍សម្ងាត់របស់យើងនិយាយជាមួយគ្នាទៅវិញទៅមក។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានពន្យល់ថា “ស្ថានភាពគឺសាមញ្ញណាស់។ យើងមានទំនាក់ទំនងល្អជាមួយប្រធាន CIA ហើយយើងកំពុងនិយាយ។ ខ្ញុំបានប្រាប់គាត់អំពីរឿងសំខាន់ៗទាំងអស់ដែលទាក់ទងនឹងសមរភូមិដែលយើងត្រូវការ” ។

សូមជម្រាបថា ប្រព័ន្ធផ្សព្វផ្សាយនៅអាមេរិក បានរាយការណ៍អំពីដំណើរទស្សនកិច្ចចុងក្រោយបំផុតរបស់លោក Burns ប្រធាន CIA ទៅកាន់ទីក្រុងគៀវកាលពីចុងសប្តាហ៍។

ក្រៅពីជួបលោក ហ្សេលេនស្គី ផ្ទាល់ នាយកទីភ្នាក់ងារនេះត្រូវបានគេនិយាយថា បានជួបពិភាក្សាជាមួយមន្ត្រីចារកម្មអ៊ុយក្រែន ដែលមិនបានបញ្ជាក់ច្បាស់លាស់ ថែមទៀត៕ ប្រែសម្រួលៈ ណៃ តុលា

To Top