បរទេស ៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា ទីក្រុងប៊ែរឡាំង មានការស្ទាក់ស្ទើរក្នុងការផ្តល់អាវុធ រយៈចម្ងាយឆ្ងាយ ដល់ទីក្រុងគៀវ ដោយបារម្ភពីការកើនឡើង ដែលអាចកើតមាន ប្រសិនបើអ៊ុយក្រែន សម្រេចចិត្តប្រើប្រាស់មីស៊ីលទាំងនោះ ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍រដ្ឋអាឡឺម៉ង់ ARD កាលពីថ្ងៃអាទិត្យ អធិការបតីលោក Olaf Scholz ត្រូវបានសាកសួរថា ហេតុអ្វីបានជាទីក្រុងប៊ែកឡាំង បដិសេធមិនផ្គត់ផ្គង់ឱ្យទីក្រុងគៀវ នូវមីស៊ីលរយៈចម្ងាយឆ្ងាយ។
លោក Scholz បានប្រាប់អ្នកកាសែត ARD ថា “យើងពិនិត្យដោយប្រុងប្រយ័ត្នរាល់សំណើដែលយើងទទួលបាន។
ប៉ុន្តែសម្រាប់ពួកយើង មានគោលការណ៍មួយដែល ខ្ញុំចែករំលែកជាមួយប្រធានាធិបតីអាមេរិក នោះ គឺយើងមិនចង់ឱ្យអាវុធដែលយើងផ្គត់ផ្គង់ឱ្យប្រើប្រាស់ ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី នោះទេ” ។
ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky តាមសេចក្តីរាយការណ៍បានប្រាប់ លោក Scholz ក្នុងអំឡុងពេលកិច្ចប្រជុំ របស់មេដឹកនាំទាំងពីរនៅទីក្រុងប៊ែរឡាំង កាលពីខែឧសភាថា រដ្ឋាភិបាលទីក្រុងគៀវ “ចង់បានជាបន្ទាន់” នូវ មីស៊ីល ផលិតរួមគ្នាស៊ុយអែត-អាល្លឺម៉ង់ Taurus KEPD 350 រួមទាំងគ្រាប់បែកបាញ់ពីអាកាសមានក្បាលគ្រាប់ទំងន់ ៥០០ គីឡូក្រាម ហើយអាចធ្វើដំណើរបានចម្ងាយ ៥០០ គីឡូម៉ែត្រ ។
ក្នុងអំឡុងពេលនៃជម្លោះនេះ អ៊ុយក្រែន បានទាមទារប្រព័ន្ធសព្វាវុធទំនើប កាន់តែខ្លាំងឡើងពីអ្នកគាំទ្រលោកខាងលិច របស់ខ្លួន។
ទីក្រុងគៀវបានបង្កើនការអំពាវនាវឱ្យអង្គការណាតូ ផ្គត់ផ្គង់ឱ្យខ្លួនជាមួយយន្តហោះចម្បាំង ជាពិសេសយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីបានធានាការសន្យាផ្តល់ រថក្រោះ Leopard 2 និង រថក្រោះ M1 Abrams និង រថក្រោះ Challenger 2 ដែលជារថក្រោះប្រយុទ្ធសំខាន់ៗពីសហភាពអឺរ៉ុប ជាច្រើនរួមមានសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស៕ ប្រែសម្រួលៈ ណៃ តុលា