បាងកក ៖ ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានី របស់ប្រទេសថៃ បានធ្វើជាអធិបតី ក្នុងពិធីបើកជាផ្លូវការ នៃសម័យប្រជុំសភាថ្មី បន្ទាប់ពីការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។
ក្នុងពេលថ្លែងសុន្ទរកថា ទៅកាន់សមាជិកសភា ព្រះមហាក្សត្រ Maha Vajiralongkorn បានសង្កត់ធ្ងន់លើតួនាទី របស់ពួកគេជាអ្នកតំណាងជាប់ឆ្នោត ដែលប្រជាជនប្រគល់ឱ្យប្រើប្រាស់អំណាច នីតិបញ្ញត្តិ និងលើកតម្កើងច្បាប់របស់ប្រទេស ជាមូលដ្ឋានគ្រឹះ នៃអភិបាលកិច្ច។
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូឆា និងសមាជិកគណៈរដ្ឋមន្ត្រី ដែលចាំទទួលរបស់លោក បានចូលរួមក្នុងពិធីនេះ រួមជាមួយនឹងសមាជិកសភា ប្រធានតុលាការកំពូល ប្រធានទីភ្នាក់ងារឯករាជ្យ និងឯកអគ្គរដ្ឋទូតបរទេស ។
ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅពេលក្រោយនៅថ្ងៃចន្ទ គណបក្សឆ្ពោះទៅមុខ និងគណបក្សភឿថៃ បានប្រកាសកិច្ចព្រមព្រៀងរបស់ពួកគេ ក្នុងការតែងតាំងលោក Wan Muhamad Noor Matha ដែលជាមេដឹកនាំគណបក្ស Prachachat ជាបេក្ខជន សម្រាប់តំណែងប្រធានសភាតំណាងរាស្រ្ត។
នៅថ្ងៃអង្គារនេះ សមាជិកសភា ជាប់ឆ្នោតទាំង ៥០០នាក់ គ្រោងនឹងកោះប្រជុំនៅអគារសភា ដែលទើបសាងសង់ថ្មី សម្រាប់ពិធីស្បថ និងបោះឆ្នោតជ្រើសរើស ប្រធានសភា និងអនុប្រធានសភា។
បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានសភា ការប្រជុំរួមគ្នានៃសភា ដែលរួមមានសមាជិកសភាចំនួន ៥០០ នាក់នៅក្នុងសភាជាន់ទាប និងសមាជិកព្រឹទ្ធសភាចំនួន ២៥០ នាក់នៅក្នុងសភាជាន់ខ្ពស់ នឹងត្រូវបានកោះហៅឱ្យជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ៕
ប្រែសម្រួល ឈូក បូរ៉ា