ព័ត៌មានអន្តរជាតិ

Update៖ ពលរដ្ឋរស់នៅតំបន់ប្រជុំកោះ នៃមហាសមុទ្រប៉ាស៊ីហ្វិក ព្រួយបារម្ភអំពីការភាយវិទ្យុសកម្ម ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលបង្ហូរកាកសំណល់ចូលក្នុងសមុទ្រ

Xinhua

ឡុងដ៍៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ថា យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian កាលពីថ្ងៃអង្គារបានឲ្យដឹងថា នៅក្នុងចំណោមប្រជាជនចំនួន ២,៣លាននាក់ ដែលរស់នៅក្នុងប្រជុំកោះនៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយពឹងផ្អែកលើមហាសមុទ្រសម្រាប់រកអាហារ និងប្រាក់ចំណូល ដោយមនុស្សជាច្រើនទាំងនោះ មានការព្រួយបារម្ភចំពោះផែនការ របស់ប្រទេសជប៉ុនក្នុងការបង្ហូរទឹកកាកសំណល់ នៃវិទ្យុសកម្មជាង ១លានតោន ចូលទៅក្នុងសមុទ្រ ។

គេបានដឹងថា ទឹកភាគច្រើនត្រូវបានប្រើប្រាស់ ដើម្បីធ្វើឱ្យត្រជាក់ម៉ាស៊ីនរ៉េអាក់ទ័រ ក្រោយពីរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ត្រូវបានវាយប្រហារដោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិនៅក្នុងឆ្នាំ២០១១ ដែលនាំឱ្យមានការរលាយ ក្នុងម៉ាស៊ីនរ៉េអាក់ទ័រចំនួន៣ របស់រោងចក្រនេះនៅក្នុងឧបទ្ទវហេតុនុយក្លេអ៊ែរ ដ៏អាក្រក់បំផុតរបស់ពិភពលោកចាប់តាំងពី Chernobyl ២៥ឆ្នាំមុន ។

សេចក្តីរាយការណ៍បានឲ្យដឹងថា វេទិកាប្រជុំកោះប៉ាស៊ីហ្វិក ហៅកាត់ថា (PIF) ដែលជាអង្គការអន្តររដ្ឋាភិបាល កំពូលតំណាងឱ្យតំបន់នោះ បាននឹងកំពុងពិគ្រោះយោបល់ ជាមួយប្រទេសជប៉ុន ជុំវិញការចេញផ្សាយនេះក្នុងរយៈពេល ២ឆ្នាំកន្លងមក ហើយនៅក្នុងខែមករា ដោយបានលើកឡើងថា ខ្លួនមាន “ក្តីបារម្ភយ៉ាងខ្លាំង” លើផែនការនេះ ។

សារព័ត៌មាន The Guardian បានផ្សាយកាលពីខែមុនថា អង្គការ PIF បានចេញសេចក្តីថ្លែងការណ៍មួយ ដែលទាក់ទាញការយកចិត្តទុកដាក់ចំពោះច្បាប់អន្តរជាតិ ប្រឆាំងនឹងការបញ្ចេញចោល នូវកាកសំណល់នុយក្លេអ៊ែរ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។

កាសែតដដែលនេះ បានដកស្រង់សំដីលោក Henry Puna អគ្គលេខាធិការ អង្គការ PIF ថា “ប្រជាជនរបស់យើងមិនមានអ្វីទទួលបានពី ផែនការរបស់ប្រទេសជប៉ុននោះទេ ប៉ុន្តែមានហានិភ័យច្រើន សម្រាប់មនុស្សជំនាន់ក្រោយ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top