កាលពីថ្ងៃទី ៤ ខែកក្កដា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោក Grossi អគ្គនាយកនៃអង្គការថាមពលបរមាណូ អន្តរជាតិ (IAEA) បានចេញផ្សាយជាផ្លូវការ នូវរបាយការណ៍វាយតម្លៃ ចម្រុះរបស់ IAEA ស្តីពីករណីដែលជប៉ុនបង្ហូរទឹក សំណល់នុយក្លេអ៊ែរFukushima ចូលទៅក្នុងសមុទ្រ ។ ទាក់ទិននឹងករណីនេះ លោក Deng Ge លេខាធិការ នៃអង្គការ ថាមពលបរមណូជាតិចិន បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា IAEA បានអញ្ជើញអ្នកជំនាញ មកពីប្រទេស ជាច្រើនឱ្យចូលរួមក្នុងការត្រួតពិនិត្យនិងវាយតម្លៃ ចំពោះបញ្ហាដែលជប៉ុនបង្ហូរទឹកសំណល់នុយក្លេអ៊ែរ Fukushima ចូលក្នុងសមុទ្រ ប៉ុន្តែរបាយការណ៍នេះ មិនបានឆ្លុះបញ្ចាំងយ៉ាងពេញលេញ នូវមតិយោបល់របស់អ្នកជំនាញ ទាំងអស់នោះទេ ហើយការសន្និដ្ឋាន មានកម្រិតនិងមិនគ្រប់ជ្រុង ជ្រោយឡើយ ។ ប្រទេសចិនមានការ សោកស្តាយចំពោះករណីដែល IAEA ចេញផ្សាយរបាយការណ៍យ៉ាងទាន់ហន់ ។
ទី១, ប្រទេសជប៉ុន មិនបានបញ្ជាក់ ពីភាពស្របច្បាប់ នៃការសម្រេចចិត្ត ស្តីពីការបង្ហូរទឹកសំណល់ នុយក្លេអ៊ែរទៅក្នុងសមុទ្រនោះទេ ។
ទី២, ជប៉ុនមិន បានបញ្ជាក់ ពីប្រសិទ្ធភាពរយៈពេលយូរនិងភាពគួរឱ្យទុកចិត្តបាននៃឧបករណ៍ប្រព្រឹតិ្តកម្មទឹក សំណល់នុយក្លេអ៊ែរនោះទេ។
ទី៣, ជប៉ុនមិនបានបញ្ជាក់ ពីភាពត្រឹមត្រូវ និងភាពទៀងទាត់ នៃទិន្នន័យស្តីពីទឹកសំណល់នុយក្លេអ៊ែរ របស់ប្រទេសជប៉ុន នោះទេ។
ទី៤, ជប៉ុនមិនបានបង្ហាញភស្តុតាងថា ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ចូលទៅក្នុងសមុទ្រ វាមិនបង្កគ្រោះថ្នាក់ដល់បរិស្ថាន មហាសមុទ្រ ក៏ដូចជាសុខភាពនិងសុវត្ថិភាព មនុស្សជាតិនោះទេ ។
ភាគីចិនសូមដាស់តឿន ឱ្យភាគីជប៉ុន ប្រឈមមុខនឹងកង្វល់ស្របច្បាប់ និងសមហេតុផល របស់សហគមន៍អន្តរជាតិ ក៏ដូចជាមតិយោបល់របស់ IAEA និងអង្គការជំនាញ អន្តរជាតិដទៃទៀត ហើយនៅមុនពេលផ្តល់ភស្តុតាង ដែលអាចជឿទុកចិត្ត បានស្តីពីភាពត្រឹមត្រូវ នៃសេចក្តីសម្រេចចិត្តអំពីការបង្ហូរទឹក សំណល់នុយក្លេអ៊ែរ ចូលក្នុងសមុទ្រ ភាពអាចទុកចិត្តបាន នៃឧបករណ៍ប្រព្រឹត្តិកម្មទឹកសំណល់ ភាពពិតជាក់ស្តែងនៃទិន្នន័យដើម និងភាពមិនប្រាកដប្រជា ក្នុងការប៉ះពាល់ បរិស្ថានជាដើម ព្រមនិងទទួល បានការយោគយល់ពីប្រទេស ដែលមានផលប្រយោជន៍ពាក់ព័ន្ធ ក៏ដូចជាមុនពេល ដែលដាក់ចេញ នូវវិធានការ កែតម្រូវប្រកប ដោយប្រសិទ្ធភាពតាមការវាយតម្លៃរបស់IAEA ជប៉ុនមិនត្រូវបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ចូលក្នុងសមុទ្រនោះឡើយ ៕
អត្ថបទ៖ដោយវិទ្យុមិត្តភាពកម្ពុជាចិន