ភូមិ Hengkantou ស្ថិតនៅតំបន់ភ្នំ Siming ក្រុង Yuyao ខេត្ត Zhejiang ជាភូមិអរិយធម៌ជាតិដ៏ល្បីឈ្មោះ។ ប៉ុន្តែនៅដើមសតវត្សន៍នេះ ភូមិនេះនៅតែជាភូមិក្រីក្រ ដែលពិបាកធ្វើដំណើរ ផ្ទះសម្បែងទ្រុឌទ្រោម និងមានចំណូលទាប ប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំ របស់មនុស្សម្នាក់ៗមិនដល់ ២៧០០ យាន់ផង។ តើមូលហេតុអ្វីទៅដែលធ្វើឱ្យភូមិ Hengkantou សម្រេចបាននូវការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាបែបនេះ?
នៅមុនពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០០៣ លោក Xi Jinping ដែលទើបឡើងកាន់តំណែង ជាលេខាបក្សប្រចាំខេត្ត Zhejiang បានធ្វើដំណើរពិសេសទៅកាន់ឃុំLiangnong និងភូមិ Hengkantou ដើម្បីចុះត្រួតពិនិត្យការងារនៅទីនោះ។ ខេត្ត Zhejiang កាលនោះ កិច្ចកសាងជនបទ និងការអភិវឌ្ឍសង្គមជនបទ មានភាពអន់ថយយ៉ាងខ្លាំង ស្ថានភាពដែល”មានផ្ទះថ្មីតែគ្មានភូមិថ្មី” “ទំនើបតែក្នុងផ្ទះ ខាងក្រៅផ្ទះមានភាពកខ្វក់និងគ្មានសណ្តាប់ធ្នាប់” “គ្មានកន្លែងចាក់សំរាម ទឹកកខ្វក់ហូរហៀរពាសពេញ” ជាបញ្ហាដ៏លេចធ្លោ។
“តើអាចកសាងតំបន់ដាច់ស្រយាលឱ្យបានល្អឬអត់ តើការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមានប្រសិទ្ធភាពឬអត់ តើតំបន់ខ្វះការអភិវឌ្ឍអាចសម្រេចបាន នូវការអភិវឌ្ឍបែបលោតផ្លោះឬអត់ វាស្ថិតនៅត្រង់កម្មាភិបាល និងមហាជននៅទីនោះមានស្មារតី បង្កើតអាជីពដែលខ្លួនទីពឹងខ្លួនឬអត់ មានស្មារតីខំប្រឹងតស៊ូដែល ធ្វើការងារយ៉ាងប្រាកដប្រជាឬអត់ មានស្មារតីត្រួសត្រាយដែលខិតខំច្នៃប្រឌិតថ្មីឬអត់។” លោក Xi Jinping បានអង្គុយជុំវិញជាមួយកម្មាភិបាលភូមិឃុំ គ្រោងផែនការអភិវឌ្ឍន៍ដោយលើកឡើង នូវការរំពឹងយ៉ាងមុតមាំចំពោះ ការកសាងតំបន់នេះទៅជា”ឃុំគំរូថ្នាក់ជាតិដែលឱ្យតំបន់ដាច់ស្រយាល សម្រេចបាននូវជីវភាពធូរធារ បង្គួរគ្រប់ជ្រុងជ្រោយ”។
ពាក្យពេចន៍របស់លោក Xi Jinping បានបំផុសទឹកចិត្តខំប្រឹងតស៊ូរបស់អ្នកភូមិ។ នៅថ្ងៃទី ៨ ខែកុម្ភៈឆ្នាំ២០០៣ ដែលជាថ្ងៃចូលធ្វើការទីមួយ បន្ទាប់ពីថ្ងៃបុណ្យចូលឆ្នាំ គណៈកម្មការភូមិបានប្រជុំសិក្សាស្រាវជ្រាវ ហើយរាយការណ៍ពីផែនការការងារ តាមរយៈសារលិខិតដាក់ជូនលោក Xi Jinping ។ មិនយូរប៉ុន្មាន លោក Xi Jinping បានតបសំបុត្ររបស់ពួកគេ លើកទឹកចិត្តពួកគេឱ្យពន្លឿនការ អភិវឌ្ឍនិងកសាងតំបន់ចាស់ ដើម្បីលុបបំបាត់ភាពក្រីក្រ សម្រេចបាននូវជីវភាពធូរធារបង្គួរក្នុងពេលឆាប់ៗ។
នៅខែមិថុនាឆ្នាំដដែល ក្រោមការផ្តួចផ្តើមនិងការដឹកនាំរបស់លោក Xi Jinping ខេត្ត Zhejiang បានចាប់ដំណើរការគម្រោង” ធ្វើឱ្យភូមិមួយពាន់ក្លាយទៅជាភូមិគំរូ ស្តារភូមិមួយម៉ឺនឡើងវិញ” ដោយចាត់ទុកការកែលម្អការផលិត ជីវភាពរស់នៅនិងអេកូឡូស៊ី ក្នុងជនបទជាចំណុចសំខាន់ គម្រោងចំណាយពេល ៥ ឆ្នាំ ស្តារឡើងវិញនូវភូមិរដ្ឋបាលចំនួន ១ ម៉ឺនដែលជ្រើសរើសចេញពី ខេត្តទាំងមូលដោយគ្រប់ជ្រុងជ្រោយ ហើយកសាងភូមិចំនួន១ពាន់ ឱ្យទៅជាភូមិគំរូដែលមានជីវភាព ធូរធារបង្គួរគ្រប់ជ្រុងជ្រោយ។
ភូមិ Hengkantou ក្នុងនាមជាភូមិមួយក្នុងចំណោមភូមិទាំងនេះ បានកែសម្រួលរចនាសម្ព័ន្ធឧស្សាហកម្ម អភិវឌ្ឍទេសចរណ៍ប្រវត្តិសាស្ត្រ ប្រើប្រាស់ធនធានបៃតង ពង្រឹងនិងពង្រីកវិស័យកសិកម្មមានលក្ខណៈពិសេស ដែលបានក្លាយទៅជាភូមិធូរធារបង្គួរនិងភូមិអរិយធម៌ដ៏ល្បីរន្ទឺ ជីវភាពរស់នៅរបស់ប្រជាកសិករ ត្រូវបានកែលម្អជាបន្តបន្ទាប់។ ១៥ ឆ្នាំបានកន្លងផុតទៅ ភូមិក្រីក្រកាលពីមុនបានក្លាយទៅជា តំបន់ទេសចរណ៍គំរូថ្នាក់ជាតិ ប្រាក់ចំណូលរបស់អ្នកភូមិគិតជាមធ្យមក្នុងមនុស្សម្នាក់ៗប្រចាំឆ្នាំមានចំនួនជាង ២៧០០០ យាន់ កើនជាងឆ្នាំ២០០៣ចំនួន១០ដង។
ខែកុម្ភៈឆ្នាំ ២០១៨ សមាជិកបក្សទាំងមូលនៃភូមិ Hengkantou បានសរសេរលិខិតជូនលោក Xi Jinping ដើម្បីរាយការណ៍អំពី សភាពការណ៍អភិវឌ្ឍន៍ក្នុងភូមិ។ លោក Xi Jinping បានតបសំបុត្រដោយលើកទឹកចិត្តអ្នកទាំងអស់គ្នា ដើរតួនាទីជាប៉មប្រយុទ្ធនៃអង្គភាពរបស់បក្ស និងតួនាទីជាគំរូឈានមុខរបស់សមាជិកបក្ស រួមជាមួយប្រជាកសិករ ខិតខំ កសាងទីជនបទដ៏ស្រស់ស្អាតដែលមានធូរធារ អរិយាធម៌និងគួរឱ្យចង់រស់នៅ។
គម្រោង”១ពាន់១ម៉ឺន” ដែលលោក Xi Jinping គ្រោងផែនការដោយផ្ទាល់ ចាត់ចែងដោយផ្ទាល់និងជំរុញ ដោយផ្ទាល់បានកែប្រែមុខមាត់នៃជនបទខេត្ត Zhejiang យ៉ាងខ្លាំងក្លា ដែលបានបង្កើតភូមិឃុំស្រស់ស្អាតរាប់ពាន់រាប់ម៉ឺន និងត្រូវបានកម្មវិធីបរិស្ថានអ.ស.ប.ផ្តល់នូវពានរង្វាន់ ឆ្មាំការពារភពផែនដីខាងការពារបរិស្ថាន ដែលជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត។
បច្ចុប្បន្ន គម្រោង”១ពាន់ភូមិ១ម៉ឺនភូមិ” នៃខេត្ត Zhejiang ត្រូវបានបន្តជំរុញយ៉ាងស៊ីជម្រៅ ដែលបានផ្តល់បទពិសោធន៍យ៉ាង សម្បូរបែបសម្រាប់ការអនុវត្តការស្តារ និងអភិវឌ្ឍជនបទ ដើម្បីកសាងប្រទេសចិនដ៏ស្រស់ស្អាត។ គិតរហូតដល់ចុងឆ្នាំ២០២២ ភូមិលើសពី ៩០% នៃខេត្ត Zhejiang បានឈានដល់ស្តង់ដារជនបទ ដ៏ស្រស់ស្អាតក្នុងយុគសម័យថ្មី ក្នុងនោះបានបង្កើតស្រុកគំរូចំនួន ៧០ ឃុំគំរូចំនួន ៧២៤ខ្សែទេសភាពចំនួន ៧៤៣ ភូមិប្រណីតចំនួន ២១៧០ ។ ផ្ទាំងគំនូរថ្មីនៃជនបទស្រស់ស្អាត ក្នុងយុគសម័យថ្មីបាននិងកំពុង លាតសន្ធឹងជាសន្សឹមៗ ៕